(ភ្នំពេញ)៖ តារាចម្រៀងជើងចាស់ លោកគ្រូ ហួរ ឡាវី និងតារាសម្ដែងជើងចាស់លោក ជា សំណាង នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ បាននាំយកអំណោយដែលបានមកពីការផ្ដល់ដោយសប្បុរសជននានា យកទៅជូនដល់កីឡាករប្រដាល់ឈ្មោះ ស្រម៉ៃ សួន ដែលកីឡាករប្រដាល់រូបនេះ កំពុងមានជីវភាពខ្វះខាតខ្លាំង បន្ទាប់ពីបាត់បង់អាជីពដោយសារមូលហេតុបាក់ដៃ។ 

តារាចម្រៀង ហួរ ឡាវី និងតារាសម្ដែងជើងចាស់ លោក ជា សំណាង បានឲ្យដឹងថា លោកទាំងពីរបានទទួលដំណឹង ពីការអំពាវនាវរបស់កីឡាប្រដាល់ ស្រម៉ៃ សួន នេះ តាមរយៈមិត្តភក្តិដែលជាអ្នកសិល្បៈដូចគ្នា  មើលទៅឃើញអាណិតអាសូរពេក ក៏បាននាំដំណឹងនេះ ប្រាប់មិត្តភក្តិដែលធ្លាប់ជួយផ្ដល់ជាអំណោយ ធ្វើកិច្ចការសប្បុរសធម៌កន្លងមក ហើយបានយកអំណោយ និងថវិកាមួយចំនួន មកជួយដល់ប្អូនកីឡាករប្រដាល់ ស្រម៉ៃ សួន នេះ។ លោកបន្តថា ទោះបីជាអំណោយទាំងនេះ មិនច្រើនក៏ពិតមែន ប៉ុន្តែក៏អាចជួយបាន១គ្រាផងដែរ។ 

ជាមួយគ្នានោះ លោក ហួរ ឡាវី និងលោក ជា សំណាង ក៏បានថ្លែងអំណរគុណដល់សប្បុរសជនជនទាំងអស់ដែលផ្ដល់សម្ភារៈ ក៏ដូចជាថវិកាដល់លោកកន្លងមក សម្រាប់ជួយដល់ជនក្រីក្រ ជាពិសេសអ្នកសិល្បៈ ក៏ដូច កីឡាករជាដើមនេះ។

ជាមួយនឹងការងារសប្បុរសធម៌នេះ តារាជើងចាស់ទាំង២រូប បានសន្យាថា នឹងពាំនាំអំណោយទាំងនោះឲ្យចំគោលដៅ មិនឲ្យសប្បុរសជនខកបំណងឡើយ។ ជារឿយៗ មួយរយៈចុងក្រោយ គេតែងឃើញលោក ហួរ ឡាវី និងលោក ជា សំណាង តែងតែសកម្មលើការងារសប្បុរសធម៌នេះ ជាបន្តបន្ទាប់។

សូមបញ្ជាក់ផងដែរថា កីឡាករប្រដាល់ ស្រម៉ៃ សួន បច្ចុប្បន្នកំពុងស្នាក់នៅបន្ទប់ជួលមួយកន្លែងក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល តម្លៃ៤០ដុល្លារក្នុង១ខែ ជាមួយនឹងកូនប្រុស ដោយប្រពន្ធរបស់លោកបានចាកចេញពីលោក ក្រោយកីឡាប្រដាល់រូបនេះ មានរបួសបាក់ដៃ ហើយចំណូលសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ។ ដោយសារមិនអាចធ្វើការធ្ងន់បាន ជីវភាពរបស់លោកពឹងផ្អែក លើការដើរស៊ីឈ្នួល លាងបន្លែ និងលាងចានឲ្យគេ។

សប្បុរសជនដែលមានបំណងចង់ជួយដល់កីឡាករ ស្រម៉ៃ សួន អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូស័ព្ទផ្ទាល់របស់កីឡាកររូបនេះបាន គឺលេខ ០៧០ ៣០ ៧០ ៥៩៕