(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនពហុពាណិជ្ជកម្មឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាបានចុះអនុស្សរណៈ​នៃការយោគយល់ ជាមួយនឹងក្រុមហ៊ុន ថៃសាមសុងអេឡិចត្រូនិក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សសកល Samsung Electronics ក្នុងការទទួលបានសិទ្ធផ្តាច់មុខលើការចែកចាយផលិតផលអេឡិចត្រូនិករួមមាន ទូរស័ព្ទ ថែបប្លែត និងនាឡិកាឆ្លាតវៃ​ របស់សាមសុង ក្នុងទីផ្សារកម្ពុជា។

ពិធីចុះអនុស្សរណៈ​នៃការយោគយល់នេះធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅឯ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោម អធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងមានលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ មន្ត្រី ជាសាក្សី ក្រៅពីនេះមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាលមួយចំនួន រួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលមានចំនួនសរុបប្រមាណជាង ២០០ នាក់។ កិច្ចព្រមព្រៀងនេះ គូសបញ្ជាក់ពីទស្សនៈរួមរបស់ក្រុមហ៊ុនទាំងពីរដើម្បីប្រើប្រាស់កម្លាំងនិងធនធានរៀងៗខ្លួនសម្រាប់ផ្តល់ប្រយោជន៍ដល់អតិថិជនរបស់ខ្លួន។

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា “ក«រុមហ៊ុន ជីប ម៉ុង មានសេចក្តីសោមនស្សដែលបានចាប់ដៃគូរពាណិជ្ជកម្មជាមួយក្រុមហ៊ុន ថៃសាមសុងអេឡិចត្រូនិក ដែលជាក្រុមហ៊ុនធំមួយមានឈ្មោះល្បីខ្លាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងពិភពលោកទាំងមូល»។

អ្នកឧកញ៉ាបន្តថា «ក្រុមហ៊ុនតែងតែឈរលើគោលការ ដំណើរការធុរកិច្ចប្រកបទៅដោយភាពស្មោះត្រង់ យុត្តិធម៌ និងមានក្រមសីលធម៌ខ្ពស់ ដោយអនុលោមតាមបទប្បញ្ញត្តិ និងច្បាប់នានារបស់ប្រទេសកម្ពុជា និងតែងតែយកចិត្តទុកដាក់ និងសកម្មក្នុងការបង្កើតការងារ ការផលិត ការសាងសង់ ផ្តល់សេវាកម្មដែលមានគុណភាព និងនាំចូលផលិតផលពេញនិយមដែលមានគុណភាព និងអត្ថប្រយោជន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងកំណើនកម្រិតជីវភាពរស់នៅ ជាពិសេសការរស់នៅជំនាន់ថ្មីរបស់ប្រជាពលរដ្ឋកម្ពុជា។ ដោយផ្អែកលើគោលការណ៍នេះ បូកផ្សំជាមួយនឹងបទពិសោធន៍ពាណិជ្ជកម្មជាងបួនទសវត្សរ៍ យុទ្ធសាស្ត្រពាណិជ្ជកម្មនិងផ្សព្វផ្សាយទីផ្សារ ក៏ដូចជាប្រព័ន្ធដៃគូអាជីវកម្មដ៏ទូលំទូលាយដែល ជីប ម៉ុង មាន ខ្ញុំជឿជាក់ថា ភាពជាដៃគូនេះនឹងធ្វើឲ្យម៉ាកយីហោ សាមសុង កាន់តែទទួលបានការគាំទ្រពេញនិយម និងជោគជ័យកាន់តែខ្លាំងនៅក្នុងទីផ្សារកម្ពុជា»

លោក Mark Kim អនុប្រធានសាជីវកម្ម និងជា នាយកផ្នែកទូរស័ព្ទនៃក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិច បានមានប្រសាសន៍ថា «យើងជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូសហការនេះនឹងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការពង្រឹងវត្តមានទីផ្សាររបស់ ក្រុមហ៊ុនសាមសុង នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយជាងមុខទៅទៀត។ លើសពីនេះ កម្ពុជា គឺជាទីផ្សារស្មាតហ្វូនដ៏មានសក្ដានុពលមួយ ហើយស្របពេលសេដ្ឋកិច្ចកម្ពុជា កំពុងតែរីកចម្រើនទៅមុខ ចំនួនប្រជាជនក៏ចេះតែកើនឡើងជាលំដាប់ វាជាឱកាសដ៏ល្អសម្រាប់ការពង្រីកទីផ្សាររបស់ក្រុមហ៊ុនសាមសុង នៅកម្ពុជា។ តាងនាមឱ្យក្រុមហ៊ុន សាមសុង ក៏សូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប សម្រាប់ទំនុកចិត្តមកលើក្រុមហ៊ុន សាមសុង ពិសេស ភាពជឿជាក់ ចំពោះស្មាតហ្វូនរបស់ សាមសុង ផងដែរ»

តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ក្រុមហ៊ុន ជីប ម៉ុង និង ក្រុមហ៊ុន ថៃសាមសុងអេឡិចត្រូនិក នឹងស្វែងយល់ពីមធ្យោបាយផ្សេងៗនៃកិច្ចសហប្រតិបត្តិការ​ រួមមាន ការស្រាវជ្រាវរួមគ្នា ដើម្បីអភិវឌ្ឍ ការផ្តល់ប្រសិទ្ធិភាពដល់សង្វាក់ផ្គត់ផ្គង់ និងយុទ្ធសាស្ត្រពង្រីកទីផ្សារ។ ដោយបន្សំជំនាញ និងធនធាន ក្រុមហ៊ុនទាំងពីរ មានចក្ខុះវិស័យពង្រឹងមុខតំណែងប្រកួតប្រជែង និងជំរុញឲ្យមានកំណើននិរន្តរភាពនៅក្នុងវិស័យអេឡិចត្រូនិកនៅក្នុងស្រុក៕