(បរទេស)៖ មានរយៈពេល១៣ឆ្នាំហើយ ដែលលោក Steve Jobs បានទទួលមរណភាព ប៉ុន្តែភាពល្បីល្បាញរបស់ស្ថាបនិកក្រុមហ៊ុន Apple រូបនេះហាក់មិនរសាត់ទៅណាឡើយ។ ជាក់ស្តែង ថ្មីៗនេះមានការដេញថ្លៃមួយ ហើយក្នុងចំណោមអ្វីដែលគេដាក់ដេញថ្លៃនោះគឺមាន Business Card មួយសន្លឹក ដែលមានហត្ថលេខា Steve Jobs លក់បានក្នុងតម្លៃរហូតដល់ ១៨១,០០០ដុល្លារ ពោលគឺថ្លៃជាងការរំពឹងទុកទៅទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Yahoo នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

កម្មវិធីដេញថ្លៃនេះ រៀបចំឡើងដោយក្រុមហ៊ុន RR Auctions នៅថ្ងៃទី២៤ ខែមីនាកន្លង ហើយ Business Card ដែលមានហត្ថលេខារបស់ Steve Jobs នេះ ត្រូវបានគេបញ្ជាក់ថា ទំនងជាធ្វើឡើងនៅ ក្នុងឆ្នាំ១៩៨៣ ពោលគឺមានតម្លៃថ្លៃជាង Business Card របស់ក្រុមហ៊ុន Apple ដែលមិនមានការចុះហត្ថលេខាដល់ទៅ ១៤ដង។

លោក Bobby Livingston អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនដេញថ្លៃ RR Auction បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់ Business Cards ដែលចុះហត្ថលេខាដោយ Steve Jobs ក្នុងតម្លៃជាង ១៨ម៉ឺនដុល្លារ គឺជាការកំណត់ស្តង់ដារថ្មីមួយ នៅក្នុងនាមប័ណ្ណដែលមានហត្ថលេខា ហើយវាក៏ជាសក្ខីភាពមួយដ៏មានតម្លៃ ចំពោះកេរដំណែលដែលស្ថិតស្ថេររបស់ Jobs និងឥទ្ធិពលរបស់ក្រុមហ៊ុន Apple នៅលើពិភពដ៏ទំនើបមួយនេះ»។

Business Card នេះ ត្រូវបានគេដឹងថាមានអាយុកាលលើសពី៤០ឆ្នាំ និងមានស្នាមប្រឡាក់តិចតួច ដែលនេះគឺជាហេតុផលធ្វើឲ្យវា មានតម្លៃខ្ពស់នៅក្នុងការដេញថ្លៃ។ សម្រាប់ការចងចាំជាមួយនឹងការចុះហត្ថលេខាពីស្ថាបនិករបស់ក្រុមហ៊ុន Apple នេះ គឺជាអ្វីដែលមនុស្សជាច្រើនចង់បាន។ បន្ថែមពីនេះ Business Card នេះក៏មានការបញ្ចាក់នូវភាពត្រឹមត្រូវចេញពីស្ថាប័ន Professional Sports Memorabilia Authentication Agency (PSA) នៅក្នុងកម្រិតខ្ពស់ «Gem Mint Level 10» ថែមទៀតផង។

គួរជម្រាបថា Business Card មួយនេះ គឺជាការបង្ហាញនូវពេលវេលាមួយដ៏មានតម្លៃរបស់ក្រុមហ៊ុន Apple ។ ការចុះហត្ថលេខានេះ គឺនៅអំឡុងពេលដែលលោក Jobs គឺជាប្រធានក្រុមប្រឹក្សាភិបាល (chairman) របស់ក្រុមហ៊ុន Apple នៅក្នុងពេលដែលមានការទទួលបានជោគជ័យខ្លាំងទៅលើកុំព្យូទ័រ Macintosh។ ផលិតផលដ៏សំខាន់របស់ក្រុមហ៊ុន Apple នៅក្នុងពេលនោះគឺជា Apple Lisa ដែលជាកុំព្យូទ័រ Commercial PC ដំបូងបំផុតរបស់ពិភពលោក ដែលមានបំពាក់នូវ GUI និងមានកម្រិតខ្ពស់ជាងកុំព្យូទ័រ Macintosh ប៉ុន្តែវាមិនមានភាពជោគជ័យខ្លាំងនោះទេ៕