(រីយ៉ូ)៖ ខ្សែប្រយុទ្ធក្លិប Flamengo និងក្រុមជម្រើសជាតិប្រេស៊ីល កីឡាករ Gabriel Barbosa បានរងការហាមឃាត់ពីការប្រកួតរយៈពេល ២ឆ្នាំ ពីបទមានបំណងបន្លំការធ្វើតេស្តប្រឆាំងសារធាតុញៀន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានបង្កភាពលំបាក ក្នុងការធ្វើតេស្តប្រឆាំងសារធាតុញៀន ដែលបានធ្វើឡើង ១ថ្ងៃមុនការប្រកួត។

Barbosa ដែលធ្លាប់ទទួលការកោះហៅ ១៨លើកលេងឱ្យក្រុមជម្រើសជាតិនោះ បានបដិសេធ លើការចោទប្រកាន់នេះ។

«ខ្ញុំមិនដែលមានបំណង បង្កជាឧបសគ្គ ឬក៏បន្លំលើការធ្វើតេស្តណាមួយនោះទេ ហើយខ្ញុំជឿជាក់ថា ខ្ញុំនឹងត្រូវបានដោះស្រាយរួចស្រេច ដោយតុលាការជាន់ខ្ពស់»។ Gabriel បានបង្ហោះលើប្រព័ន្ធទំនាក់ទំនងសង្គម។

«ចាប់តាំងពីចាប់ផ្តើមអាជីពបាល់ទាត់ ខ្ញុំតែងតែគោរពតាមច្បាប់ប្រកួត និងមិនធ្លាប់ប្រើសារធាតុញៀន ដែលហាមឃាត់នោះទេ។ ខ្ញុំធ្លាប់បានធ្វើតេស្តជាច្រើនលើក ដោយលទ្ធផលទាំងនោះ គឺអវជ្ជមាន»

«ខ្ញុំមានការខកចិត្តជាមួយនឹងលទ្ធផល នៃការកាត់ក្តី ប៉ុន្តែខ្ញុំនឹងបន្តសហការជាមួយអាជ្ញាធរកីឡា ហើយជឿជាក់ថា ភាពបរិសុទ្ធរបស់ខ្ញុំ នឹងត្រូវបានការពារ និងបញ្ជាក់ឡើងវិញ ដោយតុលាការជាន់ខ្ពស់»

ការហាមឃាត់រយៈពេល ២ឆ្នាំនេះ បានចាប់ផ្តើមចាប់ពីកាលបរិច្ឆេទនៃការបំពាន ដែលបានកើតឡើងកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។

សូមជម្រាបថា Barbosa ដែលជាផ្នែកមួយនៃក្រុមប្រេស៊ីល ដែលដណ្តើមបានមេដាយមាសនៅព្រឹត្តិការណ៍ 2016 Rio Olympics នោះ អាចដាក់ពាក្យបណ្តឹងចំពោះសេចក្តីសម្រេចនេះ ទៅកាន់តុលាការ Court of Arbitration for Sport (CAS)។

​​រដូវកាល Serie A របស់ប្រេស៊ីលនឹង ចាប់ផ្តើមនៅថ្ងៃទី១៤ ខែមេសា ហើយដំណើរការដល់ថ្ងៃទី០៨ ខែធ្នូ មានន័យថា កីឡាករ Barbosa នឹងខកខានការប្រកួតពេញមួយរដូវកាលនេះ ប៉ុន្តែអាចនឹងចាប់ផ្តើមនៅយុទ្ធនាការឆ្នាំ២០២៥។

​ក្លិប Flamengo លើកឡើងថា ពួកគេភ្ញាក់ផ្អើលចំពោះសាលក្រមនេះ ហើយនឹងជួយកីឡាករជាមួយនឹងការដាក់ពាក្យបណ្តឹង៕