(ប៉េកាំង)៖ អតីតប្រធានសមាគមបាល់ទាត់ចិន (CFA) លោក Chen Xuyuan ត្រូវបានតុលាការកាត់ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទទទួលសំណូកជាប្រាក់ ១១លានដុល្លារអាមេរិក ខណៈមន្ត្រីកីឡាមួយចំនួនធំ ត្រូវបានកាត់ឱ្យជាប់ពន្ធនាគារ ពីបទប្រព្រឹត្តអំពើពុករលួយ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

ស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Xi Jinping ការបង្ក្រាបយ៉ាងទូលំទូលាយ លើអំពើពុករលួយជាផ្លូវការ បានវាយប្រហារយ៉ាងខ្លាំង ក្នុងឧស្សាហកម្មកីឡារបស់ចិន ជាពិសេសបាល់ទាត់តែម្តង។

មន្ត្រីដឹកនាំជាន់ខ្ពស់ និងមន្ត្រីប្រតិបត្តិប្រមាណ ១០នាក់នៃ CFA ក្នុងនោះរួមទាំងអតីតគ្រូបង្វឹកក្រុមជម្រើសជាតិ Li Tie ផងដែរ ត្រូវបានបណ្តេញចេញពីតំណែងកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។

អតីតប្រធាន CFA លោក Chen Xuyuan បានទាញយកប្រយោជន៍ ពីតួនាទីរបស់លោកនៅស្ថាប័ននេះ និងស្ថាប័នដទៃទៀត ដោយទទួលយកសំណូកខុសច្បាប់ពីអ្នកដទៃ សរុបជាទឹកប្រាក់ ៨១.០៣លានយ័ន (១១លានដុល្លារអាមេរិក)។ នេះបើតាមសារព័ត៌មានរបស់បក្សកុម្មុយនីស្តចិន People's Daily បានចេញផ្សាយ។

សារព័ត៌មាននេះបានបន្ថែមថា ការស៊ីសំណូកនេះ គឺមានទំហំធំ ហើយសកម្មភាពរបស់លោក បានប៉ះពាល់ធ្ងន់ធ្ងរលើការប្រកួតដោយយុត្តិធម៌ និងសណ្តាប់ធ្នាប់៕