(បរទេស)៖ មួយរយៈចុងក្រោយនេះ មានពាក្យចចាមអារ៉ាមជាច្រើនទាក់ទងនឹង ខ្មៅដៃជំនាន់ថ្មីរបស់ Apple ឬ Apple Pencil ដែលត្រូវបានគេរំពឹងថា នឹងចេញមកជាមួយនឹង iPad Pro និង iPad Air ជំនាន់ថ្មីនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ប៉ុន្តែបើតាមដំណឹងលេចលឺថ្មីនេះ ហាក់ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល Apple Pencil មិនត្រឹមតែអាចគាំទ្រជាមួយនឹងត្រូល iPad ប៉ុណ្ណោះទេ វាថែមទាំងអាចប្រើនៅលើ Vision Pro បានថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

ចំពោះសមត្ថភាពថ្មី នៅលើខ្មៅដៃ Apple Pencil នេះ ប្រភពនៅមិនទាន់អាចបញ្ជាក់នៅឡើយនោះទេ ថាតើ Stylus របស់វា អាចនឹងដំណើរការជាមួយនឹងវែនតាឆ្លាតវៃ Vision Pro នេះដោយរបៀបណា។ ប៉ុន្តែបើតាមការប៉ានស្មានពីប្រភពមិនបញ្ចេញអត្តសញ្ញាណ បានឱ្យដឹងថា វាអាចនឹងដំណើរការតាមរយៈការគូសនៅលើតុ ឬផ្ទៃរាបស្មើផ្សេងទៀត ហើយវានឹងបង្ហាញដោយស្វ័យប្រវត្តិនៅក្នុង VisionOS នៅលើវែនតា Vision Pro។

ខាងលើនេះគ្រាន់តែជាការរំពឹងទុកប៉ុណ្ណោះ- បើយោងតាមការអះអាងរបស់ប្រភពដែលមិនបង្ហាញអត្តសញ្ញាណនោះ បានគូសបញ្ជាក់ Apple ឥឡូវនេះកំពុងធ្វើការសាកល្បង ជាមួយនឹងការគាំទ្រសម្រាប់ VisionOS ដែលមានសក្តានុពលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច ប្រើប្រាស់កម្មវិធីគំនូរដូចជា Freeform និង Pixelmator នៅលើកាស Vision Pro។

គួរជម្រាបដែរថា ប្រសិនបើដំណឹងនេះ ក្លាយជាការពិតនោះ Vision Pro នឹងត្រូវការធ្វើបច្ចុប្បន្នភាពផ្នែកសហ្វវែល ដើម្បីបន្ថែមការគាំទ្រសម្រាប់ Apple Pencil ថ្មី ហើយ Apple ត្រូវបានគេរំពឹងថា អាចនឹងធ្វើបច្ចុប្បន្នភាពទៅជំនាន់ដំបូង VisionOS 1.2 beta សម្រាប់ developer ក្នុងសប្តាហ៍នេះតែម្តង៕