(ម៉ូនិច)៖ ក្រុមបាល់ទាត់ជម្រើសជាតិឥន្រ្តីដែកអាល្លឹម៉ង់ រកបានជ័យជម្នះ ២ប្រកួតជាប់ៗគ្នាទៅលើគូប្រជែងមាន់គក បារាំង និងទឹកក្រូចហូឡង់ នៃជំនួបមិត្តភាពអន្តរជាតិនាចុងខែមីនា ឆ្នាំ២០២៤ មុនពេលធ្វើម្ចាស់ផ្ទះពានរង្វាន់អឺរ៉ុប UEFA Euro ដែលនឹងចាប់ផ្តើមនៅខែមិថុនាខាងមុខ។

អាល្លឹម៉ង់ដែលជាអតីតជើងឯក Euro ៣សម័យកាលផងនោះ បានវាយបកឈ្នះហូឡង់ ២-១ នាយប់មិញនេះ បន្ទាប់ពីយកឈ្នះមាន់គកបារាំង ២ទល់នឹង០ ផងដែរកាលពីសប្តាហ៍មុន ក្នុងការត្រៀមលក្ខណៈសម្បតិ្តធ្វើម្ចាស់ផ្ទះ Euro ជំនាន់ទី១៧ នាអំឡុងខែមិថុនា និងខែកក្កដា ឆ្នាំ២០២៤។

កីឡាករ Mittelstadt និង Fullkrug បានរួមចំណែករកបានម្នាក់ ១គ្រាប់វាយបក ក្រោយពេល Veerman ជាអ្នករកបានគ្រាប់នាំមុខឱ្យភ្ញៀវហូឡង់តាំងពីនាទីទី៤ មក ក្នុងការរក្សាបានជ័យជម្នះ ២ប្រកួតជាប់ៗគ្នា ស្ថិតក្រោមការបង្វឹករបស់លោក Julian Nagelsmann ក្រោយពេលដឹកនាំ ៣ប្រកួតកន្លងមកលេងមិនឈ្នះសោះ។

Euro 2024 វគ្គ ២៤ក្រុមចុងក្រោយនឹងចាប់ផ្តើមនៅរាត្រីថ្ងៃសុក្រ ទី១៤ ខែមិថុនានៅកីឡដ្ឋាន Allianz Arena ស្ថិត ក្នុងទីក្រុង Munich ដែលម្ចាស់ផ្ទះអាល្លឹម៉ង់ត្រូវប្រកួតបើកឆាកទល់នឹងស្កុតឡេន ដោយស្ថិតក្នុងពូល A ជាមួយហុងគ្រី និងស្វីសផងដែរ ដ្បិតហូឡង់ត្រូវប្រជែងពិន្ទុទល់នឹងបារាំង ប៉ូឡូញ និងអូទ្រីសពីក្នុងពូល D៕