(បរទេស)៖ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំពូលមហាសេដ្ឋីបច្ចេកវិទ្យាលោក Elon Musk បានសំងំបង្កើតក្រុមហ៊ុន AI ថ្មីមួយផ្ទាល់ខ្លួន ដែលមានឈ្មោះថា xAI និងត្រូវបានលោកអះអាងថា ជាវេបសាយមួយបង្កើតឡើងដើម្បី ឲ្យមនុស្សយល់ពីធម្មជាតិពិតនៃសកលលោក។ តែយ៉ាងណា នៅពេលនេះ មហាសេដ្ឋី Elon Musk បានប្រកាសជាថ្មីថា Chatbot របស់ក្រុមហ៊ុន xAI ដែលមានឈ្មោះថា Grok នឹងបើកឲ្យដំណើរការ សម្រាប់អតិថិជនជាវសេវាកម្ម Premium នៅលើបណ្តាញសង្គម X។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

Elon Musk ប្រកាសបែបនេះលើបណ្តាញសង្គម X ប៉ុន្តែមិនបង្ហាញព័ត៌មានលម្អិតបន្ថែម។ កន្លងទៅគេដឹងថា chatbot នេះអាចប្រើបានសម្រាប់តែអ្នកជាវ Premium+ ប៉ុណ្ណោះ។ ការដំណើរការក្រុមហ៊ុន AI ពីសំណាក់ Elon Musk កើតឡើងចំពេលអ្នកផ្សាយពាណិជ្ជកម្មកាន់តែច្រើនបានចាកចេញពីវេទិកាបណ្តាញសង្គមរបស់មហាសេដ្ឋីរូបនេះ ហើយលោកក៏បានបង្វែររកប្រាក់ចំណេញតាមគម្រោង AI ជំនួសវិញ។

គួរជម្រាបថា នៅដើមខែនេះ Elon Musk បាននិយាយថា xAI នឹងបើក Chatbot ថ្មីឈ្មោះថា Grok បន្ទាប់ពីលោកបានប្តឹង OpenAI ពីបទបោះបង់ចោលបេសកកម្មដើមរបស់ខ្លួន ដើម្បីផលប្រយោជន៍។ តាមរយៈគម្រោងថ្មីនេះ Elon Musk ត្រូវគេមើលឃើញថា កំពុងដាក់ទីតាំងក្រុមហ៊ុនកូនពៅរបស់ខ្លួន xAI ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនចាស់វស្សាដូចជា OpenAI, Google និង Anthropic ដែលនៅពីក្រោយ chatbots ឈានមុខគេលើពិភពលោកដូចជា ChatGPT, Bard និង Claude ជាដើម៕