(បរទេស)៖ យោងតាមរបាយការណ៍វិភាគពី Wedbush Securities បានឲ្យដឹងថា ទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Apple នៅប្រទេសចិនអាចនឹងធ្លាក់ចុះទ្វេដង ចំពេលមានការបញ្ជាទិញ iPhone ហាក់មិនមានសន្ទុះ និងមានការប្រកួតប្រជែងដ៏តឹងរឹងពីដៃគូក្នុងស្រុករបស់ចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

Wedbush បាននិយយថា ក្រុមហ៊ុនយក្សអាមេរិក Apple ត្រូវតែយកឈ្នះលើបញ្ហាប្រឈមក្នុងប្រទេសចិន រួមទាំងបរិយាកាសម៉ាក្រូសេដ្ឋកិច្ចដ៏លំបាក និងការប្រកួតប្រជែងពីក្រុមហ៊ុន Huawei មុនពេលចេញលក់ iPhone 16 ហើយអ្វីៗទាំងអស់ចាប់ផ្តើមជាមួយនឹងការបញ្ជាក់ជាថ្មី អំពីវត្តមានរបស់ Apple នៅក្នុងប្រទេសចិន។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានជួបជាមួយ នាយកប្រតិបត្តិ ក្រុមហ៊ុន Apple លោក Tim Cook កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយបាននិយាយថា ប្រទេសចិនទទួលបានឱកាសសម្រាប់ Apple ក៏ដូចជាក្រុមហ៊ុនផ្សេងទៀត ហើយបានស្នើឱ្យក្រុមហ៊ុនផលិត iPhone មួយនេះ បន្តការកសាងអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិនសម្រាប់ «ការអភិវឌ្ឍន៍រួមគ្នា»។ ងាកមកលោក Tim Cook បាននិយាយថា ប្រទេសចិន គឺជាដៃគូខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ Apple ហើយក្រុមហ៊ុនគ្រោងនឹងបង្កើនការវិនិយោគនៅក្នុងប្រទេសនេះក្នុងរយៈពេលវែងទៅមុខទៀត។

កាលពីសប្តាហ៍មុន Tim Cook បានធ្វើដំណើរទៅប្រទេសចិន ដើម្បីចូលរួមសម្ពោធ Apple Store នៅទីក្រុងសៀងហៃ ហើយបានជួបជាមួយអ្នកផ្គត់ផ្គង់សំខាន់ៗនៅក្នុងប្រទេសចិន។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។ លោកក៏បានចូលរួមវេទិកាអភិវឌ្ឍន៍ចិននៅទីក្រុងប៉េកាំងផងដែរ ខណៈដែលប្រទេសចិនកំពុងស្វែងរក វិនិយោគិនបរទេស និងចំពេលមានបទប្បញ្ញត្តិនានា និងភាពមិនប្រាកដប្រជាជាសកល។
ការធ្វើដំណើររបស់លោក Tim Cook ទៅកាន់ប្រទេសចិនពេលនេះ ត្រូវបានស្ថាប័នវិភាគ Wedbush ចាត់ទុកថា ជាសញ្ញាដែលក្រុមហ៊ុន Apple អាចធ្លាក់ចុះទ្វេដង នៅទីផ្សារប្រទេសចិន និងបានកើតឡើងចំពេលមានរបាយការណ៍នៃការលក់ iPhone នៅក្នុងប្រទេសចិនធ្លាក់ចុះ ២៤% ក្នុងរយៈពេលប្រាំមួយសប្តាហ៍ដំបូងនៃឆ្នាំ ២០២៤ ។

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Apple ត្រូវគេមើលឃើញថា កំពុងប្រតិបត្តិការក្នុងបរិយាកាសប្រកួតប្រជែងនៅក្នុងទីផ្សារក្រៅប្រទេស ជាពិសេសក្នុងទីផ្សារដ៏ធំបំផុតរបស់ខ្លួន គឺប្រទេសចិន។ ត្បិតបច្បន្ននេះ ក្រុមហ៊ុន Huawei កំពុងតែងើបឡើងវិញ បន្ទាប់ពីការចេញលក់ស្មាតហ្វូន Mate 60 របស់ខ្លួន។

គួរជម្រាបថា ក្រៅពីជួបបញ្ហាលក់ធ្លាក់ចុះក្នុងទីផ្សារប្រទេសចិន បច្ចុប្បន្ន Apple កំពុងប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកច្បាប់នៅក្នុងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ថែមទៀតផង។ កត្តាទាំងនេះ ធ្វើឲ្យអ្នកវិភាគល្បីៗជាច្រើនបញ្ចេញទស្សនៈស្រដៀងគ្នា ជាពិសេសជំរុញឲ្យក្រុមហ៊ុននេះដោះស្រាយបញ្ហាប្រឈមឲ្យបានឆាប់ មុនពេលចេញ iPhone 16៕