(បរទេស)៖ កាសែត Wall Street Journal បានរាយការណ៍នៅថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមហ៊ុនផលិតបន្ទះឈីបកូរ៉េខាងត្បូង SK Hynix ដែលជាក្រុមហ៊ុនផ្គង់ផ្តង់របស់ Nvidia គ្រោងនឹងវិនិយោគប្រហែល ៤ពាន់លានដុល្លារ ដើម្បីបង្កើតកន្លែងវេចខ្ចប់បន្ទះឈីបកម្រិតខ្ពស់នៅ West Lafayette រដ្ឋ Indiana សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

ការវិនិយោគនេះ មានគោលបំណងជំរុញឧស្សាហកម្ម semiconductor របស់អាមេរិក និងស្របតាមគោលដៅរបស់រដ្ឋបាលលោក Biden ដើម្បីពង្រឹងវិស័យ semiconductor របស់សហរដ្ឋអាមេរិក។ យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា រោងចក្រថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបង្កើតការងារពីថ្មីចន្លោះពី៨០០ ទៅ ១,០០០កន្លែងឯណោះ ហើយប្រតិបត្តិការរោងចក្រអាចនឹងចាប់ផ្តើមនៅឆ្នាំ ២០២៨ខាងមុខ ប៉ុន្តែនៅមិនទាន់មានការសម្រេចចិត្ត ១០០ភាគរយនៅឡើយនោះទេ ដោយនៅរង់ចាំការយល់ព្រមពីក្រុមប្រឹក្សាភិបាលរបស់ SK Hynix ជាមុនសិន។

ឆ្លើយតបទៅនឹងគម្រោងថ្មីនេះ ក្រុមហ៊ុន SK បានសន្យាក្នុងឆ្នាំ២០២២ ដើម្បីវិនិយោគប្រមាណ ១៥ពាន់លានដុល្លារក្នុងឧស្សាហកម្ម semiconductor តាមរយៈកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍សម្ភារៈ និងការបង្កើតកន្លែងវេចខ្ចប់ និងធ្វើតេស្តកម្រិតខ្ពស់នៅសហរដ្ឋអាមេរិក។ ដោយឡែកនៅក្នុងខែនេះ ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ ធំជាងគេទីពីររបស់ពិភពលោក ទើបតែសម្រេចបាននូវសមិទ្ធផលថ្មីមួយក្នុងការចាប់ផ្តើមការផលិតដ៏ធំនៃបន្ទះឈីប memory កម្រិតបញ្ជូនខ្ពស់ (HBM) ជំនាន់ក្រោយដែលប្រើក្នុងបន្ទះឈីបបញ្ញាសិប្បនិម្មិត ខណៈប្រភពបាននិយាយថាការនាំចេញដំបូងនឹងទៅកាន់ Nvidia ។

គួរជម្រាបដែរថា ការវិនិយោគនេះគឺ SK Hynix ចង់ឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់ខ្លួននៅក្នុងវិស័យបន្ទះឈីប memory កម្រិតបញ្ជូនខ្ពស់ (HBM) ដែលវា គឺជាដៃគូផ្តាច់មុខរបស់ Nvidia Corp ដែលមានប្រមាណ ៨០ភាគយនៃទីផ្សារបន្ទះឈីប AI នាពេលបច្ចុប្បន្ន។ បន្ថែមពីលើនេះ ភាពតានតឹងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងចិនបានកើនឡើង ដោយសហរដ្ឋអាមេរិកបានដាក់ការហាមឃាត់គ្រឿងអេឡិចត្រូនិកលើប្រទេសចិន ដែលទាំងនេះបានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ក្រុមហ៊ុនដូចជា Nvidia និង Advanced Micro Devices, Inc ជាដើម៕