(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត ក្រុមគ្រួសារតារាកំប្លែងជើងចាស់អ្នកស្រី ជុំ រស្មី ហៅស្រីទូច និងក្មួយស្រីតារាចម្រៀងល្បីឈ្មោះ ស៊ូ ស៊ីរីកា បានចេញមុខមកបន្តរឿងរ៉ាវបណ្ដាំមរតករបស់ខ្លួន រហូតដល់សាលាឧទ្ធរណ៍ហើយ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ដោយនៅតែទទូចដល់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំដែលពាក់ព័ន្ធ និងមន្ត្រីតុលាការសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ឲ្យជួយរកយុត្តិធម៌ដល់ក្រុមគ្រួសាររបស់ខ្លួន ជុំវិញសំណុំរឿងបណ្ដាំមរតករបស់អ្នកស្រី កែវ មន្ថា ដែលបានអូសបន្លាយអស់រយៈពេលជាង២ឆ្នាំមកហើយ និងពុំទទួលបាននូវយុត្តិធម៌ណាមួយ សម្រាប់ក្រុមគ្រួសាររបស់ខ្លួន បន្ទាប់ពីការសម្រេចក្ដីរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីជាង២ឆ្នាំមុន។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខសាលាឧទ្ធរណ៍ តារាកំប្លែង ជុំ រស្មី ហៅស្រីទូច បានឲ្យដឹងថា ដើម្បីស្វែងរកនូវភាពយុត្តិធម៌ដល់គ្រួសាររបស់ខ្លួន អ្នកស្រីបានធ្វើដំណើរទៅសាលាឧទ្ធរណ៍ ដើម្បីឲ្យមន្ត្រីតុលាការជួយពន្លឿនសំណុំរឿងនេះឲ្យបានឆាប់រហ័ស ព្រោះអ្នកស្រីបានរង់ចាំអស់រយៈពេលជាយូរមកហើយ។ តារាកំប្លែងអ្នកស្រី ទូច បន្ថែមថា បន្ទាប់ពីអ្នកស្រីបានទៅដល់សាលាឧទ្ធរណ៍ហើយនោះ មន្ត្រីតុលាការបានប្រាប់អ្នកស្រីថា ឲ្យត្រឡប់ទៅផ្ទះវិញសិន ដើម្បីធ្វើការពិចារណាឡើងវិញ ហើយមន្ត្រីតុលាការនឹងសាកសួរទៅភាគីម្ខាងទៀត ដើម្បីទាញហេតុផលផ្ទាល់មាត់ទាំងអស់គ្នា ប៉ុន្តែនៅថ្ងៃនេះ គឺភាគីម្ខាងទៀតមិនបានអញ្ជើញមកនោះទេ ពោលគឺមកតែមេធាវីតំណាងប៉ុណ្ណោះ។

ដោយឡែកតារាចម្រៀង ស៊ូ ស៊ីរីកា ដែលត្រូវជាក្មួយស្រី និងជាអ្នករងគ្រោះព្រោះតែបណ្ដាំមរតកនេះដែរ បានបញ្ជាក់ឲ្យដឹងថា កន្លងមកខាងក្រុមគ្រួសាររបស់នាង ក៏ចង់មានដំណោះស្រាយក្រៅប្រព័ន្ធច្បាប់ដែរ ប្រសិនបើភាគីទាំងពីបានជួបចរចាគ្នា ហើយក៏ពុំមានរឿងរ៉ាវរហូតដល់ប្ដឹងប្ដល់គ្នាដល់ថ្ងៃនេះដែរ។ ប៉ុន្តែនៅពេលនេះ ខាងមេធាវី និងមន្ត្រីតុលាការបានប្រាប់ថា ទុកពេលឲ្យគ្រួសារទាំងពីរចរចាគ្នាជាលើកចុងក្រោយសិន ថាតើភាគីម្ខាងទៀតព្រមចរចា និងព្រមផ្សះផ្សាឬក៏អត់?

ពាក់ព័ន្ធនឹងការតតាំងក្ដីក្នុងសំណុំរឿងបណ្ដាំមរតករបស់អ្នកស្រី កែវ មន្ថា នេះដែរ, តារាកំប្លែង ជុំ រស្មី ហៅស្រីទូច ធ្លាប់បានបង្ហាញអារម្មណ៍ឈឺចាប់ ខណៈអ្នកស្រីនិងសមាជិកក្រុមគ្រួសារ បានខិតខំអស់ពីលទ្ធភាពហើយ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ ដើម្បីតតាំងតាមផ្លូវតុលាការ ជាមួយនឹងភាគីស្វាមីរបស់អ្នកស្រី កែវ មន្ថា ដែលមិនព្រមអនុវត្តន៍តាមបណ្ដាំមរតក ហើយថែមទាំងបានបណ្ដេញសមាជិកជាកូនចៅបង្កើតរបស់អ្នកស្រី កែវ មន្ថា ចេញពីផ្ទះដែលធ្លាប់រស់នៅជួបជុំគ្នា តាំងពីយូរមកហើយនោះទៀតផង។ ក្នុងនោះក៏មានក្មួយស្រីរបស់អ្នកស្រី គឺតារាចម្រៀង ស៊ូ ស៊ីរីកា ម្នាក់ផងដែរ។

តារាកំប្លែកអ្នកស្រី ជុំ រស្មី ហៅស្រីទូច បានទទូចក្នុងនាមក្រុមគ្រួសារទាំងអស់ ដែលកំពុងរងភាពអយុត្តិធម៌ សូមអំពាវនាវយ៉ាងទទូចដល់ក្រសួងយុត្តិធម៌ ដែលមានលោក កើត រិទ្ធ ជារដ្ឋមន្ត្រី និងស្ថាប័នតុលាការនៃសាលាឧទ្ធរណ៍ មេត្តាជួយពន្លឿនរឿងក្តីនេះ ឲ្យទទួលបាននូវចំណែក ៥០ភាគរយ ដល់សមាជិកគ្រួសារទាំងអស់ តាមបណ្ដាំមរតកដែលអ្នកស្រី កែវ មន្ថា បានបន្សល់ទុកមុនពេលទទួលមរណភាព។ ម្យ៉ាងទៀត ពេលនេះសមាជិកគ្រួសារជាច្រើន កំពុងគ្មានផ្ទះជ្រកកោណនោះទេ និងត្រូវរស់នៅយ៉ាងលំបាកវេទនា។

អ្នកស្រី ជុំ រស្មី បញ្ជាក់ថា អ្វីដែលអ្នកស្រីរួមទាំងបងប្អូនកូនចៅ ដែលក្នុងនោះក៏មានតារាចម្រៀងកញ្ញា ស៊ូ សីរីកា ផងនោះ គឺចង់ឲ្យមានការផ្តល់ភាពយុត្តិធម៌ ចំពោះក្រុមគ្រួសាររបស់អ្នកនាង ដូចដែលមានសរសេរនៅក្នុងលិខិតបណ្តាំមរតករបស់លោក ស្រី កែវ មន្ថា ដែលជាម្តាយ និងជីដូន។ ប៉ុន្តែរហូតមកដលពេលនេះ អ្នកស្រីនៅមិនទាន់ទទូលបានដំណោះស្រាយផ្លូវច្បាប់ណាមួយ ដែលស្របនឹងឆន្ទៈរបស់មរតកជនលោកស្រី កែវ មន្ថា ឬដំណោះស្រាយណាមួយសមរម្យដែលរូបអ្នកស្រី និងសមាជិកគ្រួសារទាំងអស់អាចទទួលយកបាននៅឡើយ ស្របពេលសំណុំរឿងនេះកំពុងនៅក្នុងដៃ របស់សាលាឧទ្ធរណ៍នៅឡើយ៕