(ភ្នំពេញ)៖ MG Cyberster បានចាប់ផ្តើមការ ធ្វើដំណើររយៈពេល៧ខែ ពីទីក្រុងឡុងដ៍ ឆ្ពោះទៅកាន់ទីក្រុងសៀងហៃ ដែលមានរយៈចម្ងាយជាង ១០,០០០ mile ទូទាំងពិភពលោក ដើម្បីជាការអបអរ និងប្រារព្ធខួប១០០ឆ្នាំ របស់ម៉ាកយីហោMG នៅឆ្នាំ២០២៤នេះ។

ដំណើរទេសចរណ៍នេះ នឹងឆ្លងកាត់ប្រទេសជាច្រើនដូចជា៖ អឺរ៉ុប, ទីក្រុងឡុងដ៍, ចក្រភពអង់គ្លេស, ឆ្លងកាត់ប្រទេសបែលហ្សិក, អាល្លឺម៉ង់, បារាំង, ប្រទេសអេស្បាញ, អ៊ីតាលី, បន្ទាប់មកបន្តទៅកាន់ មជ្ឈិមបូព៌ារួមមាន Jordan, អារ៉ាប៊ីសាអូឌីត Saudi Arabia និង អារ៉ាប់រួម UAE។

បន្ទាប់មក នឹងធ្វើដំណើរទៅកាន់ទ្វីបអាស៊ី តាមរយៈប្រទេសឥណ្ឌា, ម៉ាឡេស៊ី, ថៃ, ហ្វីលីពីន, កម្ពុជា, វៀតណាម ហើយបន្តទៅដល់គោលដៅធំគឺទីក្រុងសៀងហៃ។ ដំណើរកម្សាន្តទេសចរណ៍ Cyberster នេះ នឹងត្រូវបើកបរដោយអ្នកដំណើរផ្សងព្រេង កូនភ្លោះជនជាតិអង់គ្លេសគឺលោក Ross និង Hugo Turner។

ប្រទេសកម្ពុជា គឺជាប្រទេសទី២៤ នៅក្នុងដំណើរទេសចរណ៍អន្តរជាតិនេះ ដោយបង្ហាញពីភាពខ្លាំង និងដំណើរការរបស់រថយន្ត ជាមួយបរិយាកាសចម្រុះតាមប្រទេសនីមួយៗ។

ការធ្វើដំណើរកម្សាន្តទេសចរណ៍អន្តរជាតិ ដោយឆ្លងកាត់ប្រទេសកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញ ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន MG ចំពោះការអភិវឌ្ឍន៍វិស័យរថយន្តអគ្គិសនី និងការអបអរគម្រប់ខួប១០០ឆ្នាំរបស់ខ្លួន។

ខណៈដែរ ដំណើរទេសចរណ៍ MG Cyberster ឆ្លងកាត់ប្រទេសកម្ពុជា គឺមិនត្រឹមតែបង្ហាញពីបច្ចេកវិទ្យាទំនើប និងភាពអស្ចារ្យនៃរថយន្តអគ្គិសនី MG ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយផ្សព្វផ្សាយ អំពីទេសចរណ៍ និងវប្បធម៌របស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោកផងដែរ។

ដំណើរកម្សាន្តទេសចរណ៍របស់ MG Cyberster នៅកម្ពុជា បានចូលរួមទស្សនាទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដែលពួកគេអាចស្វែងរក និងយល់ដឹងអំពីទីតាំងបេតិកភណ្ឌជាតិ និងប្រវត្ថិសាស្ត្រជាច្រើនដូចជា៖ ព្រះបរមរាជវាំង, វិមានឯករាជ្យ, ផ្សារធំថ្មី, និងទទួលបានចំណេះដឹង និងបទពិសោធន៍ជាច្រើន ពីរមណីយដ្ឋានប្រវត្ថិសាស្ត្រល្បីៗ តាមរយៈការទស្សនា ប្រាសាទអង្គរវត្ត, ប្រាសាទបាយ័ន, ប្រាសាទតាព្រហ្ម ជាដើម។

បន្ថែមពីលើនេះ ដំណើរកម្សាន្តទេសចរណ៍អន្តរជាតិ បានរួមបញ្ចូលនូវសកម្មភាពសំខាន់ៗ ដែលរៀបចំដោយក្រុមហ៊ុន MG Cambodia មានដូចជា៖ ការទស្សនាមជ្ឈមណ្ឌលសិប្បកម្មធ្វើដោយដៃសច្ចៈ, ការជិះរទេះគោកម្សាន្តតាមភូមិ, ការជិះបាឡុងខ្យល់លើអាកាស, ការទស្សនាថ្ងៃរះ ចំកំពូលប្រាសាទអង្គរវត្ត និងចូលរួមក្នុងកម្មវិធីសប្បុរសធម៌ ចែកសម្ភារសិក្សាដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាបាគង ដើម្បីជាការគាំទ្រការសិក្សាដល់កុមារផងដែរ។

MG Cambodia ក៏សូមថ្លែងអំណរគុណដល់ក្រសួងទេសចរណ៏ អាជ្ញាធម៌អប្សរា និងក្រសួងដែលពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការ ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុន អាចផ្តល់នូវដំណើរកម្សាន្តមួយដ៏អស្ចារ្យ នៅក្នុងប្រទេសកម្ពុជា និងចូលរួមគាំទ្រផ្សព្វផ្សាយបន្តអំពីទេសចរណ៍នៅកម្ពុជា តាមរយៈបណ្តាញសង្គមអន្តរជាតិ នៃដំណើរទេសចរណ៍នេះ។

បងប្អូនភ្លោះ Ross & Hugo Turner បានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេចំពោះប្រទេសកម្ពុជាថា «យើងខ្ញុំសុំសរសើរដល់ទីក្រុងភ្នំពេញ សម្រាប់សោភ័ណ្ឌភាពដ៏ស្រស់ស្អាត និងលំហូរចរាចរណ៍ដ៏រលូន ហើយខេត្តសៀមរាបវិញ គឺអស្ចារ្យណាស់ដោយមានទេសភាពស្អាតអមដោយ បឹងទន្លេជាច្រើន ព្រមទាំងមានបេតិកភណ្ឌជាតិប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែប ជាពិសេសគឺប្រាសាទអង្គរវត្ត»

ពួកគេ បានបន្ថែមថា រថយន្ត Cyberster ជារថយន្តអគ្គិសនីដែលមានភាពស្ងប់ស្ងាត់ ហើយអនុញ្ញាតឲ្យពួកគេអាចស្តាប់សម្លេងសត្វយំ និងសម្លេងខ្យល់ធម្មជាតិពិតៗ នៅជុំវិញពួកគេ ដូចដែលកំពុងឆ្ពោះទៅកាន់ការសាកថាមពលទៅកាន់អនាគត។ ទីកន្លែងសំខាន់ៗជាច្រើន ដែលសម្គាល់អំពីប្រទេសកម្ពុជា គឺពិតជាអស្ចារ្យ និងបង្ហាញថាកម្ពុជាអច្ឆរិយ។

ការធ្វើដំណើរកម្សាន្តទេសចរណ៏នេះ គឺមិនត្រឹមតែបង្ហាញពីសមត្ថភាពរបស់រថយន្តអគ្គិសនី MG Cyberster បែបស្ព័រសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ និងបើកបរតាមស្ថានភាពផ្លូវនៃប្រទេសផ្សេងៗគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតការផ្សព្វផ្សាយយ៉ាងខ្លាំងខ្លាពីទេសចរណ៍ នៅប្រទេសកម្ពុជា និងផ្តល់ការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះរថយន្ត MG ផងដែរ ព្រោះវាបានធ្វើដំណើរឆ្លងកាត់តំបន់នីមួយ និងបង្ហាញពីវប្បធម៌ផ្សេងៗ ក្នុងបណ្តាប្រទេសជាច្រើន ក្នុងដំណើរកម្សាន្តទេសចរណ៍អន្តរជាតិនេះ៕