(ឡុងដ៍)៖ ខ្សែបម្រើក្លិបតោខៀវ Chelsea កីឡាករ Romeo Lavia នឹងត្រូវខកខានការប្រកួតរហូតចប់រដូវកាលនេះ បន្ទាប់ពីមិនទាន់ជាសះស្បើយពីបញ្ហារងរបួសសរសៃពួរ។ នេះបើយោងតាមក្លិបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

កីឡាករអន្តរជាតិបែលហ្សិករូបនេះ បានរងរបួស អំឡុងពេលបង្ហាញខ្លួនលើកដំបូងឱ្យ Chelsea ក្នុងការប្រកួតឈ្នះ ២-១ លើគូប្រជែង Crystal Palace ក្នុងលីគ។

កីឡាករវ័យ ២០ឆ្នាំ អតីតកីឡាករក្លិប Manchester City និងក្លិប Southampton រូបនេះ បានចូលរួមជាមួយ Chelsea កាលពីខែសីហា លើកិច្ចសន្យារយៈពេល ៧ឆ្នាំ ដែលមានតម្លៃខ្លួន ៥៥លានផោន (៦៩.៣លានដុល្លារ)។

សូមជម្រាបថា Chelsea ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១១ ក្នុងលីគ Premier League នោះ នឹងធ្វើម្ចាស់ផ្ទះទទួលក្លិប Burnley នៅថ្ងៃសៅរ៍សប្តាហ៍នេះ៕