(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នឹងរៀបចំសន្និសិទអ្នកអភិវឌ្ឍន៍ទូទាំងពិភពលោក (WWDC) របស់ខ្លួន ចាប់ពីថ្ងៃទី១០ ខែមិថុនា ដល់ ថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះ។ ខណៈព្រឹត្តិការណ៍នោះ ត្រូវបានគេរំពឹងថា Apple អាចនឹងបង្ហាញពីមុខងារ AI ពិសេសៗ រួមទាំងបង្ហាញពីមុខងារជាច្រើនទៀតដែលនឹងមកដល់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

Apple បានបញ្ជាក់ថា ព្រឹត្តិការណ៍ WWDC នឹងធ្វើឡើងនៅតាមអ៊ីនធឺណិត និងមិនត្រូវបានអនុញ្ញាតឱ្យសាធារណៈជនចូលទស្សនាដោយស៊េរីនោះទេ ប៉ុន្តែសម្រាប់ developer និងសិស្សមួយចំនួន នឹងត្រូវបានអញ្ជើញដោយផ្ទាល់នៅ Apple Park នៅថ្ងៃបើកដំណើរការ។ បន្ថែមពីនេះទៅទៀត ព្រឹត្តិការណ៍នោះ នឹងផ្តោតលើការអាប់ដេតទៅលើកម្មវិធីដែលដំណើរការលើ iPhones, iPads និងឧបករណ៍ Apple ផ្សេងទៀត។

យោងតាមរបាយការណ៍ពី Bloomberg កាលពីដើមខែនេះបានឱ្យដឹងថា Apple កំពុងតែពិភាក្សាជាមួយ Google និង OpenAI សម្រាប់ការភ្ជាប់បញ្ញាសិប្បនិម្មិត្តទៅកាន់ iPhone។ ចំពោះដំណឹងនេះត្រូវបានប្រភពបញ្ជាក់ថា Apple គ្រោងនឹងប្រើប្រាស់ AI ដូចជា Gemini របស់ Goole សម្រាប់ chatbot នៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ Apple ខណៈពេលដែលម៉ាស៊ីន AI ផ្ទាល់របស់ Apple នឹងប្រើប្រាស់សម្រាប់ដោះស្រាយការងារនៅពីក្រោយឆាកទូទាំងកម្មវិធី iPhone ជំនួសវិញ។

គួរជម្រាបដែរថា ចាប់តាំងពីរបាយការណ៍ Apple បាត់បង់មកុដជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភលោកឱ្យទៅក្រុមហ៊ុន Microsoft កាលពីដើមឆ្នាំនេះ គេសង្កេតឃើញថា ក្រុមហ៊ុនផលិត iPhone នេះកំពុងតែព្យាយាមបញ្ចេញមុខងារថ្មីៗជាច្រើន ក្នុងនោះរួមទាំងការប្រកួតប្រជែងទៅលើការផ្លាស់ប្តូរមុខងារអេក្រង់ ដែលអ្នកប្រើប្រាស់អាចប្តូរបានតាមបំណង ខណៈមុខងារនេះកន្លងមកមានតែនៅលើ Samsung តែប៉ុណ្ណោះ រួមទាំងមុខងារថ្មីៗជាច្រើនទៀតដែលនឹងចេញមកជាមួយនឹង iOS 18។ ដូច្នេះដើម្បីដឹងលម្អិតអំពីការធ្វើបច្ចុប្បន្នភាពមុខងាររបស់ iPhone មានតែរង់ចាំព្រឹត្តិការណ៍ WWDC មកដល់តែប៉ុណ្ណោះ៕