(ម៉ាឌ្រីដ)៖ រដ្ឋអាជ្ញាអេស្ប៉ាញ ចង់ឱ្យមានការចាប់ខ្លួនលោក Luis Rubiales អតីតប្រធានសហព័ន្ធបាល់ទាត់នៃប្រទេសនេះដាក់គុក ២ឆ្នាំកន្លះ ករណីបំពារបំពានផ្លូវភេទទៅលើកីឡាការិនី Jenni Hermoso នៅអំឡុងជ័យជម្នះ World Cup កាលពីខែសីហា ឆ្នាំ២០២៣។

លោក Luis Rubiales បានរងការចោទប្រកាន់ពីបទបំពារបំពានផ្លូវភេទ និងការបង្ខិតបង្ខំផងដែរ បន្ទាប់ពីចាប់ថើបមាត់ Hermoso កាលពីខែសីហាកន្លងទៅនៅប្រទេសអូស្រា្តលី គ្រាដែលសាម៉ីខ្លួន រួមទាំងមិត្តរួមក្រុមបានចាត់ទុកថា ជាអាកប្បកិរិយាពុំមានការព្រមព្រៀង និងស្នើឱ្យមានការចាត់ការតាមនីតិវិធីច្បាប់ទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ក្រោយមកទៀត លោក Rubiales ត្រូវបានបង្ខំឱ្យលាឈប់ពីតួនាទីប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ដែលបានបដិសេធថា ពុំបានធ្វើខុសនោះទេ។

យ៉ាងនេះក្តី បើយោងតាមរបាយការណ៍ពីតុលាការដែលត្រូវបានចុះផ្សាយដោយគេហទំព័រ Reuters បានឱ្យដឹងថា រដ្ឋអាជ្ញា Marta Duranez បានធ្វើការចោទប្រកាន់លោក Rubiales ចំនួន ២ករណីមានដូចជា ការបំពារបំពានផ្លូវភេទ និងការបង្វិតបង្ខំ ដែលមានស្ថានទម្ងន់ទោសជាប់ពន្ធនាគារ ១ឆ្នាំ និង ១៨ខែ។

បន្ថែមលើនេះ ព្រះរាជអាជ្ញាដដែលក៏បានស្នើសុំតុលាការចាត់ការទៅលើលោក Jorge Vilda, Albert Luque រួមទាំងលោក Ruben Rivera ដែលសុទ្ធសឹងធ្លាប់កាន់តួនាទីធំៗក្នុងសហព័ន្ធបាល់ទាត់អេស្ប៉ាញដូចគ្នា ក្នុងការឃាត់ខ្លួនមកផ្តន្ទាទោស និងពិន័យជាប្រាក់ផងដែរ ដើម្បីជាការសងជំងឺចិត្តដល់នាង Hermoso ទៀតផង៕