(ភ្នំពេញ)៖ ភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ បានបើកសម្ពោធជាផ្លូវការហើយ ដើម្បីចូលចំណែកលើកកម្ពស់ម្ហូបខ្មែរ ជាពិសេសម្ហូបប្រចាំតំបន់នៅតាមបណ្តាខេត្តនីមួយៗ ដើម្បីបម្រើដល់ភ្ញៀវជាតិ និងអន្តរជាតិ។

ពិធីបើកសម្ពោធ ភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរជាផ្លូវការនេះ បានធ្វើឡើង នាថ្ងៃទី២៦ ខែមីនាឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោកស្រី ហ៊ុក ស្រីហួរ អគ្គនាយិកា ភោជនីយដ្ឋានផ្ទះបាយភូមិខ្មែរ បានមានប្រសាសន៍ថា៖ «នៅផ្ទះបាយភូមិខ្មែរ ពួកយើងបានសិក្សាស្រាវជ្រាវបន្ថែម គាស់កកាយ សម្រិតសម្រាំងពាំនាំមកជូននូវម្ហូបខ្មែរ បង្អែមខ្មែរពិតៗ រសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ពីតាមតំបន់នានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះវាកាន់តែភាពងាយស្រួលដល់បងប្អូន លោក លោកស្រី អ៊ំ ពូ មីង ដែលនិយមចូលចិត្ត ម្ហូបខ្មែរពិតៗ អាចអញ្ចើញមកទទួលយកភោជនីយដ្ឋានផ្ទះបាយភូមិខ្មែរ។ ពួកយើងប្តេជ្ញាបម្រើជូនតែអាហារដែលមានសុវត្ថិភាព ប្រើប្រាស់ផលិតផលខ្មែរ គ្រឿងផ្សំ បន្លែ សាច់ ផ្លែឈើ ដែលដាំដុះដោយប្រជាកសិករនៅតាមសហគមន៍ខ្មែរនានា»

លោកស្រីបន្តថា ផ្ទះបាយភូមិខ្មែរ ត្រូវបានបង្កើតឡើងមិនមែនតែក្នុងបំណងអាជីវកម្មដើម្បីប្រាក់ចំណេញតែមួយមុខទេ តែដោយក្តីស្រលាញ់ម្ហូបខ្មែរ និងមានចេតនាដោយស្មោះចង់ចូលរួមចំណែកជាមួយសហគ្រិនខ្មែរដ៏ទៃទៀតដើម្បីលើកស្ទួយ អភិរក្ស និងអភិវឌ្ឍម្ហូបខ្មែរ កេរតំណែលជាតិ ឱ្យកាន់តែរីកសុះសាយនៅក្នុងចំណោមប្រជាជនខ្មែរផ្ទាល់ និងដើម្បីទទួលស្វាគមន៍ភ្ញៀវបរទេសដែលអញ្ចើញមកកម្សាន្តក្នុងប្រទេសកម្ពុជា ព្រមទាំងដើម្បីជួយផ្សព្វផ្សាយម្ហូបខ្មែរ ម៉ាកយីហោខ្មែរទៅកាន់ពិភពលោកផងដែរ។ ​

លោកស្រីក៏សូមអំពាវនាវ​ឱ្យមានការជួយគាំទ្រប្រើប្រាស់ផលិតផលខ្មែរ ម៉ាកយីហោខ្មែរអោយកាន់តែផុសផុល មិនថាផ្ទះបាយភូមិខ្មែរ ឬម៉ាកយីហោខ្មែរដ៏ទៃទៀត ដើម្បីជួយជាចលករជុំរុញចរន្តសេដ្ឋកិច្ចក្នុងសហគមន៍យើង។

ក្នុងឱកាសចូលរួមពិធីសម្ពោធភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ថ្វីត្បិតតែពេលនេះ មានម្ហូបបរទេសជាច្រើនបាន និងកំពុងតែធ្វើចរាចរណ៍នៅក្នុងប្រទេសយើងក៏ពិតមែន តែម្ហូបខ្មែរ នៅតែមានរក្សាបានប្រជាប្រិយភាព ពេញនិងទូទាំងប្រទេស។

លោកស្រីបន្ថែមថា​ ការបើកម្ពោធសម្ពោធភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ ​នាពេលនេះ ប្រៀបបាននឹងការកសាងស្ពានឆ្លង ដើម្បីពាំនាំមរតកម្ហូបខ្មែរដល់កូនខ្មែរជំនាន់ក្រោយកាន់តែច្បាស់។

ជាមួយគ្នានេះ លោកស្រី ជំរុញនិងលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយមុខម្ហូបឱ្យបានកាន់តែច្រើន ទាំងនៅក្នុងស្រុក និងឆាកអន្តរជាតិ ដើម្បីរួមចំណែកថែរក្សាកេរ្តិ៍មរតកជាតិ និងទាក់ទាញភ្ញៀវទេសចរបរទេស។

សូមបញ្ជាក់ផងដែរថា ផ្ទះបាយភូមិខ្មែរ បានធ្វើការស្រាវជ្រាវ ចងក្រងដោយសម្រឹតសម្រាំងបាននូវជម្រើសម្ហូបខ្មែរបង្អែមខ្មែរដ៏សម្បូរបែបរហូតដល់ជាង៣០០ មុខពីតាមតំបន់នានា ក្នុងនោះរួមមានខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ ស្វាយរៀង កំពត មណ្ឌលគិរី រតនៈគិរី ស្ទឹងត្រែងផងដែរ។ល។ ភោជនីយដ្ឋានផ្ទះបាយភូមិខ្មែរ មិនផ្តោតលើតែអាហារប៉ុណ្ណោះទេ តែនាំមកនូវផងដែរនូវបទពិសោធន៍របស់អតិថិជនជារួម រាប់ពីការធ្វើបដិសណ្ឋាកិច្ចដ៏កក់ក្តៅ បរិយាកាសប្រកបដោយផាសុកភាព រួមនឹងសោភ័ណភាព រចនាបថនៃការតុបតែងហាងដែលផ្សារភ្ជាប់ជាមួយប្រពៃណី និងសិល្ប:បែបខ្មែរផងដែរ។

ភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ មានទីតាំងផ្ទះលេខ១២ ផ្លូវ៣៧០ សង្កាត់បឹងកេងកង1 ខណ្ឌចំការមន រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរសព្ទ៖ 085 836 688/ 015 836 688 ឬ ហ្វេសប៊ុកផេក៖ ភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ-Phteah Bay Phoum Khmer Restaurant។ ​សូមទស្សនាវីដេអូខាងក្រោម​ ផ្សព្វផ្សាយផលិតដោយ ផ្ទះបាយភូមិខ្មែរ ដែលមានឈុតឆាកបែបខ្មែរគួរអោយទាក់ទាញ មានចំណងជើងថា«ម្ហូបខ្មែរជារតនៈសម្បត្តិដ៏ថ្លៃថ្លា» [Video] https://fb.watch/r3lFPJpVEQ/