(បរទេស)៖ ប្រិយមិត្តប្រាកដជាជ្រាបរួចហើយមក អំពីឧបករណ៍ជំនាន់ថ្មីរបស់ Samsung គឺ Galaxy Ring។ ពេលវេលាប្រកាសចេញកាន់តែខិតជិត ឥឡូវនេះវត្តមានរបស់ Galaxy Ring ចាប់ផ្តើមបង្ហាញខ្លួនបណ្តើរៗហើយ ដោយពេលថ្មីៗនេះ អ្នកប្រើប្រាស់ទូរស័ព្ទ Samsung បានជួបប្រទះនៅលើផ្ទាំង widget ថាមពលថ្មជាលើកដំបូង ជាមួយនឹងការត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចេញលក់។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

តាមរយៈរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា Galaxy Ring នឹងចេញលក់ជាផ្លូវការព្រមជាមួយនឹងកំពូលស្មាតហ្វូនអេក្រង់បត់របស់ Samsung គឺ Galaxy Z Fold 6 និង Z Flip 6។ ចំពោះពេលវេលាជាក់លាក់វិញ ជារៀងរាល់ឆ្នាំ Samsung តែងតែប្រកាសចេញស្មាតហ្វូនថ្មីៗរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ Unpacked នៅខែសីហា ប៉ុន្ដែនាពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា Samsung ហាក់ដូចជាចង់កែប្រែព្រឹត្តិការណ៍ និងចង់ធ្វើឡើងឱ្យបានលឿនជាងមុនសម្រាប់ឆ្នាំនេះ ដែលអាចរំកិលមកខែកក្កដា ឆ្នាំ២០២៤ជំនួសវិញ ពោលគឺលឿនជាងមួយខែ ដើម្បីធ្វើការប្រកាសចេញ Galaxy Ring លើកដំបូងរបស់ខ្លួន។

កាលពីរបាយការណ៍មុន Galaxy Ring ត្រូវបានប្រទះឃើញដាក់ចូលទៅក្នុងមុខងារ Samsung Food ដែលអនុញ្ញាតឱ្យចិញ្ចៀនឆ្លាតវៃនេះ អាចត្រួតពិនិត្យដឹង អំពីគុណភាពសាច់ ឬ បន្លែដែលមាននៅក្នុងទូរទឹកក Samsung ព្រមទាំងអាចប្រាប់ពីវិធីសាស្រ្តនៅក្នុងការថែរក្សាគុណភាពបានថែមទៀតផង។

គួរជម្រាបដែរថា រហូតមកដល់ពេលនេះ Galaxy Ring កាន់តែត្រៀមខ្លួនបានច្រើនជាងមុនជាមួយនឹងការបង្ហាញវត្តមាននៅផ្ទះ widget ថាមពលថ្ម។ ប៉ុន្តែប្រភពមិនបានបញ្ជាក់នោះទេថា គ្រប់អ្នកប្រើប្រាស់ស្មាតហ្វូន Samsung ទាំងអស់ទូទាំងប្រទេសអាចនឹងមើលឃើញ ឬយ៉ាងណា ដើម្បីសាកល្បងអ្នកប្រើប្រាស់អាចចូលទៅកាន់ Setting នៅលើឧបករណ៍របស់ Samsung និងចូលទៅកាន់ Stock Battery Widget នោះនឹងឃើញមានការបង្ហាញអំពីផលិតនានារបស់ Samsung ដូចជា Galaxy Watch, Galaxy fit, និង Galaxy Buds ជាដើម៕