(បន្ទាយមានជ័យ)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ UME -BMC Cup ឆ្នាំសិក្សា២០២៣-២០២៤ ដែលមានរយៈពេល២ខែ នៅខេត្តបន្ទាយមានជ័យ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ក្នុងទីលានស្មៅធម្មជាតិនៃសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ របស់សហព័ន្ធកីឡាបាល់ទាត់ ស្ថិតក្នុងវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្រុងសិរីសោភ័ណ។

ពិធីបិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ UME -BMC Cup នេះ អញ្ជើញចូលរួមពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក កើត សុវណ្ណារ៉េត ព្រះរាជាអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត, លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត, លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងមានអ្នកចូលរួមទស្សនាប្រហែល ១,០០០នាក់។

លោក ណង ថា សាកលវិទ្យាធិការរងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) និងជានាយកសាខាប្រចាំខេត្តបន្ទាយមានជ័យ បានប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា កីឡាករដែលចូលរួមការប្រកួតមានចំនួន ៨ក្លឹប ដែលពូល A មាន ក្លឹបបាយ័ន FC, ក្លឹបស្តេចនាគ, ក្លឹបឥន្ទីយ៍ដែក, ក្លឹបរាជសីហ៍ និងពូល B មានក្លឹបហង្សរាជ, ក្លឹបអធិរាជវាលស្មៅ, ក្លឹប Heros United និងក្លឹប Super Stars។

លោកបានបន្តថា ការប្រកួតនេះមានរយ:ពេល២ខែ រៀងរាល់ថ្ងៃសុក្រ សៅរ៍ អាទិត្យពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង៥ និង៣០នាទីល្ងាចតទៅ នៅមកដល់ថ្ងៃ២៣ ខែមីនា ឆ្នាំ២០២៤ នៅទីលានបាល់ទាត់ស្មៅសិប្បនិម្មិតនៃវិទ្យាល័យសម្តេចឪ និងប្រកួតចុងក្រោយនៅទីលានស្មៅធម្មជាតិ នៃសាលាតម្រង់ទិសខេត្តបន្ទាយមានជ៍យរបស់សហព័ន្ធកីឡាបាល់ទាត់ នាវិទ្យាល័យហ៊ុន សែនខ្លាកូន ក្រុងសិរីសោភ័ណ។ លទ្ធផលលេខ១ បានទៅក្លឹបបាយ័ន FC ដែលឈ្នះក្លឹបហង្សរាជ លេខ២ ដោយពិន្ទុ ៥-០ និងលេខ២ លេខ៣ បានទៅក្លឹបបន្តបន្ទាប់ទៀត។

លោក ណង ថា បានបញ្ជាក់ថា សាកលវិទ្យាល័យ UME ខេត្តបន្ទាយមានជ័យ បានបង្កើតក្រុមកីឡាករបាល់ទាត់បុរសប្រចាំគ្រឹះស្ថានសម្រាប់ចូលរួមប្រកួតដណ្តើមពានរង្វាន់ក្របខណ្ឌឧត្តមសិក្សាផ្សេងៗ ជាពិសេសបង្កើតក្រុមបាល់ទាត់បុគ្គលិក និងសាស្ត្រាចារ្យដើម្បីចូលរួមប្រកួតបង្កើនចំណងមិត្តភាពជាមួយស្ថាប័ន គ្រឹះស្ថាន និងវិទ្យាល័យនានាក្នុងខេត្តផងដែរ។

ក្នុងនោះលោក អ៊ុំ រាត្រី បានឱ្យដឹងថា យោងតាមរបាយការណ៍ការប្រកួតរយៈពេល២ខែមកនេះ គឺក្រុមកីឡាករទាំងអស់បានចូលរួមប្រកួតដោយគោរពនូវបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការបច្ចេកទេស ឬប្រកួតដោយមានស្មារតីជាអ្នកកីឡា គោរពគោលការណ៍យុត្តិធម៌នៃការប្រកួត ឈរលើស្មារតីទទួលខុសត្រូវនិងគោរពគ្នាទៅវិញទៅមក ការប្រកួតនេះនាំមកនូវសាមគ្គីភាព មិត្តភាព និងដើម្បីសុខភាពផងដែរ។

លោកអភិបាលខេត្ត បានបន្តថា ក្នុងនាមរដ្ឋបាលខេត្ត សូមលើកទឹកចិត្តយុវជនឱ្យចូលរួមលេងកីឡាឱ្យបានច្រើន ក្រៅម៉ោងហ្វឹកហាត់ ត្រូវខិតខំយកចិត្តទុកដាក់ការសិក្សាទៅតាមជំនាញរបស់ខ្លួន ត្រូវចៀសវាងពីគ្រឿងញៀន បើកបរត្រូវគោរពច្បាប់ចរាចរណ៍ មិនត្រូវប្រព្រឹត្តអំពើអបាយមុខ ក្មេងទំនើង ល្បែងស៊ីសង ដើម្បីឱ្យភូមិ ឃុំមានសុវត្ថិភាព។

លោក អ៊ុំ រាត្រី និងគណៈប្រតិភូក៏បានផ្តល់ជូនក្រុមកីឡករ និងម្ចាស់ក្រុមនូវទង់ជ័យលាភី រង្វាន់មានស្បែកជើងមាស ដល់កីឡាករឆ្នើមទាត់បញ្ចូលទី ស្រោមដៃមាសដល់កីឡាករចាំទី ពានរង្វាន់ដល់ជ័យលាភីលេខ១ និងថវិកាអមតាមលំដាប់លេខពី ៩០ម៉ឺនដល់ ១,៥លានរៀល។ ក្នុងនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានឧបត្ដម្ភថវិកាបន្ថែម ក្នុង១ក្លឹប ថវិកាចំនួន ១០០ដុល្លារ ជាការលើកទឹកចិត្តផងដែរ៕