(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកប្រចាំទ្វីបអឺរ៉ុប European Champions 2024 ដែលនឹងត្រូវរៀបចំឡើងដោយសហព័ន្ធ UEFA លើកទី១៧ និងមានអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះនោះ នឹងចាប់ផ្តើមចន្លោះពីខែមិថុនា ដល់ខែកក្កដាខាងមុខ។

ជាបន្តទៅទៀតនេះ Fresh News Plus សូមលើកយកចំណុចគួរឱ្យចាប់អារម្មណ៍មួយចំនួនសម្រាប់កម្មវិធីដែលមាន ៤ឆ្នាំម្តងចែកជូន តាមរយៈការដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះផងដែរមានដូចខាងក្រោម។

Euro 2024 នឹងចាប់ផ្តើមប្រកួតផ្លូវការចាប់ពីថ្ងៃទី១៤ ខែមិថុនា និងបញ្ចប់ទៅវិញនាថ្ងៃទី១៤ ខែកក្កដា ក្នុងចំណោម ២៤ក្រុម (ប្រទេស) ចូលរួម ដែលចំណាយពេល ១ខែពេញនៅកីឡដ្ឋានចំនួន១០ ស្មើនឹង ១០ទីក្រុងផងដែរនៅទូទាំងប្រទេសអាល្លឺម៉ង់។

ជាការកត់សម្គាល់ អាល្លឺម៉ង់ទទួលបានសិទ្ធិរៀបចំ Euro ជាលើកដំបូង ក្រោយពេលអាល្លឺម៉ង់បង្រួបបង្រួមគ្នា គិតចាប់តាំងពីធ្វើម្ចាស់ផ្ទះលើកដំបូងកាលឆ្នាំ១៩៨៨ នៅអាល្លឺម៉ង់ខាងលិច (West Germany)។

មានតែ ៤ប្រទេសប៉ុណ្ណោះដូចជា អង់គ្លេស បារាំង អេស្ប៉ាញ និងម្ចាស់ផ្ទះអាល្លឺម៉ង់ ជាទីចាប់អារម្មណ៍ក្នុងការគ្រងតំណែងជើងឯក Euro 2024 ដ្បិតអ៊ីតាលី ជាក្រុមការពារតំណែងជើងឯកដែលស្ថិតក្នុងពូល B ជាមួយក្រូអាត អាល់បានី និងអេស្ប៉ាញ។

ហ្ស៊កហ្សី បានឡើងមកលេង Euro ជុំចុងក្រោយជាលើកដំបូងនៃប្រវត្តិសាស្រ្តរបស់ពួកគេ តាមរយៈយកឈ្នះក្រុមជម្រើសជាតិក្រិក អតីតជើងឯកពានអឺរ៉ុប ឆ្នាំ២០០៤ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីនៃវគ្គជម្រុះជុំទី២ របស់ពួកគេ កាលពីរាត្រីថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤។

ជាមួយគ្នានោះមានដល់ទៅ ៦ប្រទេសឯណោះដែលបានឈានដល់វគ្គ ២៤ក្រុម ដែលជាជុំចុងក្រោយលេងយកពាន បានរក្សាប្រវត្តិលេងមិនចាញ់ក្នុងវគ្គជម្រុះក្នុងពូលរបស់ពួកគេរួមមាន បារាំង អង់គ្លេស ព័រទុយហ្គាល់ ប៊ែលហ្សិក រ៉ូម៉ានី និងហុងគ្រីជាដើម ដោយក្នុងនោះដែរមានតែព័រទុយហ្គាល់ អតីតជើងឯក Euro 2016 ដែលលេងឈ្នះគ្រប់ការប្រកួត ទាំងអស់ ដោយស៊ុតបញ្ចូលទីគេបាន ៣៦គ្រាប់ និងរបូតវិញតែ ២គ្រាប់ប៉ុណ្ណោះ។

កីឡដ្ឋានទាំង១០ ដែលនឹងត្រូវប្រើប្រាស់សម្រាប់ប្រកួត Euro 2024 នៅប្រទេសអាល្លឺម៉ង់ គឺមានសមត្ថភាពផ្ទុកអ្នកទស្សនាបានតិចបំផុតចាប់ពី ៤២០០០នាក់ដល់ ៧០០០០នាក់ នៅពេលកីឡដ្ឋាន Allianz Arena របស់ក្លិបអាជីព Bayern Munich ដែលស្ថិតក្នុងទីក្រុង Munich នោះត្រូវបានជ្រើសរើសធ្វើជាទីសម្ភោធបើកព្រឹត្តិការណ៍ ហើយទីបញ្ចប់ នឹងធ្វើឡើងនៅស្តាតជាតិ Olympiastadion ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាបាន ៧០០០០នាក់។

ជាការកត់សម្គាល់ចុងក្រោយឃើញថា តារាជើងស៊ុត Erling Haaland របស់ក្លិបមេឃខៀវ Manchester City និងមិត្តរួមជាតិ Martin Odegaard របស់កាំភ្លើងធំ នឹងអវត្តមាននៅ Euro 2024 ក៏ព្រោះតែន័រវេសធ្លាក់ក្នុងវគ្គជម្រុះតាមពូល៕