(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានបើកសម្ពោធសាខាថ្មីមួយបន្ថែមទៀត នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ស្ថិតនៅក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យ ដែលជាការពង្រីកបន្ថែមនូវដំណោះស្រាយហិរញ្ញវត្ថុ ដ៏ទូលំទូលាយរបស់ខ្លួនទៅដល់ពលរដ្ឋ រស់នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ស្ថិតនៅតំបន់កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃភាគខាងត្បូងរាជធានីភ្នំពេញ នៅតាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន សាខាថ្មីរបស់ធនាគារ វីង គឺស្ថិតនៅជាន់ទី១នៃផ្សារទំនើបអ៊ីអនម៉លមានជ័យ ដែលបើកដំណើរការផ្តល់សេវាកម្មអតិថិជន ៧ថ្ងៃក្នុងមួយសប្តាហ៍ចាប់ពីម៉ោង ៩៖០០នាទីព្រឹក ដល់ម៉ោង ៩៖០០នាទីយប់។ ម៉ោងបម្រើសេវាកម្មសម្រាប់សាខាថ្មីនេះ គឺផ្តល់នូវភាពបត់បែន ទៅដល់អតិថិជនរស់នៅរាជធានីភ្នំពេញ មានភាពមមាញឹកក្នុងជីវភាពប្រចាំថ្ងៃ ដោយផ្តល់ជូនពួកគាត់នូវភាពងាយស្រួល ក្នុងការប្រើប្រាស់ផលិតផល ក៏ដូចជាសេវាហិរញ្ញវត្ថុដ៏ទំនើបរបស់ធនាគារ វីង មិនថានៅថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកក្តី។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា «ការបើកធនាគារ វីង សាខាផ្សារទំនើបអ៊ីអនម៉លមានជ័យ គឺជាការបង្ហាញពីការបោះជំហានទៅមុខ ក្នុងដំណើររបស់យើងឆ្ពោះទៅរកការធ្វើទំនើបកម្មវិស័យធនាគារនៅកម្ពុជា ដោយប្រាកដថា អតិថិជនងាយស្រួលទទួលបានសេវាហិរញ្ញដ៏ទំនើប កាន់តែកៀកជិតតំបន់រស់នៅអតិថិជនរបស់យើង»

សាខាដែលទើបនឹងបើកដំណើរការថ្មីនេះ ផ្តល់នូវបរិយាកាសធំទូលាយ ថែមទាំងមានកន្លែងរង់ចាំប្រកបដោយផាសុខភាព និងមានម៉ាស៊ីនដកប្រាក់​ និងដាក់ប្រាក់ ដ៏ទំនើបដែលផ្តល់ជូនអតិថិជន នូវភាពងាយស្រួលសម្រាប់បំពេញតម្រូវការធនាគារចាំបាច់នានា ក្នុងអំឡុងពេលម៉ោងដំណើរការនៃផ្សារទំនើបអ៊ីអនម៉លមានជ័យ។

ទន្ទឹមនឹងការបើកសាខាថ្មី ធនាគារ វីង ក៏បានដាក់ឱ្យដំណើរការផលិតផលថ្មី គឺ «វីងយូញៀនផេកាត ផ្លាទីនីម» គ្មានលេខ ដែលបំពាក់ជាមួយបច្ចេកវិទ្យាការពារសុវត្ថិភាពដ៏ទំនើប ហើយថែមទាំងងាយស្រួលប្រើប្រាស់ បានយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក។ ជាមួយនឹងទំហំទឹកប្រាក់នៃការធ្វើប្រតិបត្តិការប្រចាំថ្ងៃរហូតដល់ ៥០,០០០ដុល្លារ ដែលផ្តល់ជូនដល់ម្ចាស់កាតរីករាយ ជាមួយនឹងអត្ថប្រយោជន៍ពិសេសៗជាច្រើនដូចជា ការទទួលបានសាច់ប្រាក់ត្រឡប់វិញចំនួន ១០% រាល់ការទិញទំនិញនៅតាមផ្សារទំនើបអ៊ីអនម៉ល ទាំងបីទីតាំងក្នុងរាជធានីភ្នំពេញ។

មិនតែប៉ុណ្ណោះ សម្រាប់អតិថិជននិយមចូលចិត្តធ្វើដំណើរញឹកញាប់ នឹងទទួលបានភាពរីករាយជាមួយនឹងការបញ្ចុះតម្លៃ ២០% ក្នុងការចូលទៅប្រើប្រាស់សាលរង់ចាំនៅអាកាសយានដ្ឋានក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក៏ដូចជាអាកាសយានដ្ឋានអន្តរជាតិចំនួនបួនទីតាំង នៅក្នុងប្រទេសម៉ាឡេស៊ី រួមមាន អាកាសយានដ្ឋាន Kuala Lumpur International Airport 2, Kuching International Airport, Penang International Airport, និងអាកាសយាន្តដ្ឋាន Kota Kinabalu International Airport.។ លើសពីនេះ អតិថិជនក៏អាចទទួលបានការបញ្ចុះតម្លៃដ៏ពិសេសនេះ សម្រាប់សាលរង់ចាំនៅអាកាសយានដ្ឋាន Jakarta Soekarno-Hatta និង Ngurah Rai ស្ថិតក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។

ចាប់តាំងពីទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជពេញលេញ ពីធនាគារជាតិនៃកម្ពុជានៅចុងឆ្នាំ២០២០ កន្លងមក ធនាគារ វីង បានពង្រីកខ្លួនយ៉ាងឆាប់រហ័ស។ ជាមួយនឹងសាខាចំនួន ២១ ទីតាំងកំពុងដំណើរការនៅទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន និងបណ្តាញភ្នាក់ងារវីងជាង ១១,០០០កន្លែង ធនាគារបានផ្តល់សេវាហិរញ្ញវត្ថុជូនទៅដល់អតិថិជនជាង ១៤.៥លានគណនី។

ដោយមានដៃគូសហការអាជីវកម្មជាង ១៧០,០០០ កន្លែង ក៏ដូចជាដៃគូសហការស្ថាប័នហិរញ្ញវត្ថុឈានមុខគេជាច្រើនផ្សេងទៀត បានជំរុញប្រតិបត្តិការអាជីវកម្មរបស់ធនាគារ វីង កាន់តែរឹងមាំបន្ថែមទៀត នៅក្នុងប្រព័ន្ធធនាគារឌីជីថល។ ជាលទ្ធផល សហគ្រាសធុនតូច និងមធ្យមចំនួន ៣,០០០កន្លែង និងអាជីវកម្មសាជីវកម្មចំនួន ៦០០ បានចូលរួមជាមួយធនាគារ វីង ដោយផ្តល់ជូននូវដំណោះស្រាយទូទាត់ដ៏ងាយស្រួល និងបង្កើនប្រសិទ្ធភាពអាជីវកម្មទាំងនោះកាន់តែរលូនផងដែរ។

ធនាគារ វីង ផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុនាំមុខគេជាច្រើន សម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា។ ផលិតផលទាំងនេះរួមមាន សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹកភ្លើង ធានារ៉ាប់រង ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរសព្ទ និងសេវាកម្មជាច្រើនផ្សេងទៀត។ តាមរយៈអេប Wing Bank ដែលមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ដំណើរការដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត អតិថិជនអាចរីករាយជាមួយសេវាកម្មហិរញ្ញវត្ថុ ដ៏សំបូរបែបនៅលើចុងម្រាមដៃរបស់ពួកគេបានយ៉ាងងាយស្រួល។

សាខាថ្មីរបស់ធនាគារ វីង ដែលមានទីតាំងក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យ រួមជាមួយការដាក់ឱ្យដំណើការ វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ ក៏ដូចជាគម្រោងបើកដំណើការសាខាថ្មីៗបន្ថែមទៀត នាពេលឆាប់ៗខាងមុខនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តឈប់ឈររបស់ធនាគារ វីង ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់សម្រាប់អតិថិជនទូទាំងប្រទេស និងនាំយើងទៅរកគោលដៅក្លាយជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប៕