(បរទេស)៖ នៅសហរដ្ឋអាមេរិក ក្រុមហ៊ុន Tesla អាចនឹងឈានមុខគេក្នុងបដិវត្តន៍រថយន្តអគ្គិសនី ប៉ុន្តែបើនៅក្រៅប្រទេស ក្រុមហ៊ុនផលិតរថយន្តនេះ មានការប្រកួតប្រជែងខ្លាំងពីដៃគូនានា។ នៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តអគ្គិសនីដ៏ធំបំផុតនោះ ហាក់ធ្វើឲ្យ Tesla បាត់បង់ចំណែកទីផ្សារយ៉ាងច្រើនស្ទើរនឹកស្មានមិនដល់ ដោយសារវត្តមានរបស់ BYD។

តាមការចេញផ្សាយដោយសារព័ត៌មាន CNBC បានឲ្យដឹងថា នៅក្នុងត្រីមាសទី៤ នៃឆ្នាំ ២០២៣ ក្រុមហ៊ុន BYD បានទម្លាក់ក្រុមហ៊ុន Tesla ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្ត អគ្គិសនីកំពូលរបស់ពិភពលោក ដោយលក់រថយន្តបានច្រើនជាងគេ។ លោកស្រី Evelyn Cheng អ្នកឆ្លើយឆ្លងព័ត៌មានរបស់ CNBC នៅទីក្រុងប៉េកាំង បាននិយាយថា «BYD បានរីកចម្រើនខ្លាំង រហូតក្លាយទៅជាមេធំក្នុងឧស្សាហកម្មរថយន្តអគ្គិសនី។ នៅពេលអ្នកក្រឡេកមើលចំណាត់ថ្នាក់ប្រចាំខែ BYD តែតែងតែស្ថិតនៅកំពូលតារាង»

បង្កើតឡើងដោយលោក Wang Chuanfu ក្រុមហ៊ុន BYD បានចាប់ផ្តើមផលិតថ្មសម្រាប់ទូរស័ព្ទចល័តកាលពីទសវត្សរ៍ឆ្នាំ១៩៩០។ នៅឆ្នាំ២០០៣ ក្រុមហ៊ុននេះ បានងាកទៅវិស័យរថយន្ត ហើយចាប់តាំងពីពេលនោះមក បានក្លាយជាម៉ាករថយន្តកំពូលនៅក្នុងប្រទេសចិន ក៏ដូចជាក្រុមហ៊ុនផលិតអាគុយសម្រាប់រថយន្តអគ្គិសនីដ៏ល្បីមួយ។

លោក Sam Abuelsamid អ្នកវិភាគដ៏ល្បីមកពី Guidehouse Insights បានប្រាប់ CNBC ថា «BYD គឺជាក្រុមហ៊ុនកំពូលមួយនៅក្នុងពិភពលោក ដែលផលិតអាគុយលីចូម-ដែក ផូស្វាត»។ លោកក៏បានពន្យល់ពីគុណសម្បត្តិរបស់អាគុយលីចូម-អ៊ីយ៉ុង ដោយនិយាយថា ពួកវាប្រើប្រាស់បានយូរ និង ចំណាយប្រហែល ៣០-៤០% តិចជាងក្នុង១ គីឡូវ៉ាត់ម៉ោងក្នុងការផលិត។ ផ្នែកដ៏សំខាន់នៃទីផ្សារវាយលុករបស់ BYD គឺ «តម្លៃ»។ រថយន្តជាច្រើនរបស់ក្រុមហ៊ុននេះ បានកាត់បន្ថយការប្រកួតប្រជែង ដោយម៉ូដែលជាច្រើនមានតម្លៃចាប់ពី ២០,០០០ដុល្លារ។

លោក Michael Dunne នាយកប្រតិបត្តិនៃក្រុមហ៊ុន Dunne Insights បានប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា «នៅទីក្រុង Munich កាលពីប៉ុន្មានខែមុន ពួកគេបានដាក់លក់ម៉ូដែល Seagull ដែលមានតម្លៃ ១១,៥០០ដុល្លារ ...»។ ឥឡូវនេះ BYD កំពុងពង្រីកខ្លួនយ៉ាងខ្លាំងក្លាទូទាំងពិភពលោក ដោយបាននាំចេញរថយន្តជាង ២៤០,០០០គ្រឿង ទៅទូទាំង៧០ប្រទេសកាលពីឆ្នាំមុន។ ក្រុមហ៊ុននេះ ក៏បានប្រកាសផែនការសម្រាប់រោងចក្រនៅអ៊ឺរ៉ុបក្នុងប្រទេសហុងគ្រី ហើយត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកកន្លែងថ្មីបន្ថែមនៅម៉ិកស៊ិកផងដែរ។

លោក Dunne បាននិយាយថា «BYD ពិតជាកំពុងរៀបចំយុទ្ធសាស្ត្រ សម្រាប់ទីផ្សារសហរដ្ឋអាមេរិកដោយរង់ចាំពេលវេលាត្រឹមត្រូវ។ សហរដ្ឋអាមេរិក និងអឺរ៉ុប ត្រូវបានគេមើលឃញថា ជាទីផ្សារដ៏សំខាន់ ហើយ BYD ត្រូវចូលរួមប្រកួតប្រជែង ហើយឈ្នះនៅទីនោះ ដើម្បីរីកចម្រើនជាសាកល»

គួរជម្រាបថា កន្លងទៅ BYD បានប្រកាសពីមហិច្ឆិតារបស់ខ្លួន ចង់បានចំណែកទីផ្សារនៃការលក់រថយន្តនៅក្នុងទីផ្សារអឺរ៉ុបចំនួន ៥ភាគរយ មុនពេលខ្លួនចាប់ផ្តើមផលិតកម្មនៅក្នុងប្រទេសហុងគ្រី។ ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ចិននេះ ជឿជាក់ថារោងចក្ររបស់ខ្លួននៅក្នុងប្រទេសហុងគ្រីនឹងដើរតួនាទីយ៉ាងសំខាន់ ដែលនឹងជួយឲ្យការផលិត និងការដឹកជញ្ជូនលឿនជាងមុននិងកសាងទំនុកចិត្តកាន់តែច្រើនពីអ្នកប្រើប្រាស់៕