(ភ្នំពេញ)៖ ក្រុមហ៊ុន លីហ៊្វូដ សឺវីស ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យផ្គត់ផ្គង់ម្ហូបអាហារក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៩ បានប្រកាសពីកិច្ចសហការដ៏គួរឱ្យរំភើបជាមួយក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញប្រើប្រាស់ឈានមុខគេនៅក្នុងប្រទេស។ ភាពជាដៃគូនេះបង្ហាញពីការបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនទាំងពីរ ដើម្បីបង្កើនភាពអាចរកបាន និងគុណភាពផលិតផលនៅទូរទាំងប្រទេសកម្ពុជា។

ក្រោមកិច្ចសហការនេះ ក្រុមហ៊ុន លីហ៊្វូដ សឺវីស នឹងចែកចាយផលិតផលអាហារចម្រុះពីក្រុមហ៊ុន យូនីលីវើខេមបូឌា។ ដោយប្រើប្រាស់បណ្តាញចែកចាយដ៏ទូលំទូលាយ និងជំនាញទីផ្សាររបស់ខ្លួន ក្រុមហ៊ុនលីហ៊្វូដ សឺវីស មានគោលបំណងធានាឱ្យប្រាកដថា ផលិតផលទាំងនេះអាចរកបានយ៉ាងងាយស្រួល សម្រាប់អ្នកប្រើប្រាស់ទូរទាំងប្រទេសកម្ពុជា។

ក្រុមហ៊ុន យូនីលីវើ ខេមបូឌា បានក្លាយជាក្រុមហ៊ុនទំនិញប្រើប្រាស់ឈានមុខគេក្នុងប្រទេសកម្ពុជា ចាប់តាំងពីការចុះបញ្ជីជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ ២០០៣ ដោយនាំមកនូវបទពិសោធន៍ដ៏សម្បូរបែប និងផលិតផលម៉ាកយីហោជាទីទុកចិត្តសម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេស។ តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុន លីហ៊្វូដ សឺវីស ក្រុមហ៊ុន យូនីលីវើ ខេមបូឌា អាចពង្រឹងវត្តមានរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា និងផ្តល់ជូនអ្នកប្រើប្រាស់កាន់តែច្រើននូវលទ្ធភាពប្រើប្រាស់ផលិត​ផល​ដ៏ល្បីល្បាញរបស់ខ្លួន។

កិច្ចសហការនេះមិនត្រឹមតែជាការពង្រីកអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតផលវិជ្ជមាននៅក្នុងសហគមន៍ផងដែរ។ ទាំងក្រុមហ៊ុន លីហ៊្វូដ សឺវីស និង ក្រុមហ៊ុន យូនីលីវើ ខេមបូឌា ប្តេជ្ញាចិត្តចំពោះទំនួលខុសត្រូវសង្គម និងការអនុវត្តអាជីវកម្មប្រកបដោយនិរន្តរភាព។ ជាផ្នែកមួយនៃភាពជាដៃគូរបស់ពួកយើង ពួកយើងនឹងសហការលើគំនិតផ្តួចផ្តើមនានាដែលមានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។

ឧកញ៉ា ច័ន្ទ តារា នាយកប្រតិបត្តិក្រុមហ៊ុន លីហ៊្វូដ សឺវីស បានមានប្រសាសន៍ជាមួយការសាទរចំពោះកិច្ចសហការនេះថា «យើងមានសេចក្តីរំភើបរីករាយដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន យូនីលីវើ ខេមបូឌា ដើម្បីនាំយកផលិតផលគុណភាពខ្ពស់របស់ពួកគេទៅកាន់អ្នកប្រើប្រាស់ទូទាំងប្រទេសកម្ពុជា។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ជូន ផលិតផលលំដាប់កំពូល ទន្ទឹមនឹងការជួយដល់ការរីកចម្រើន និងវិបុលភាពនៃប្រទេសកម្ពុជាផងដែរ»។

ដូចគ្នានេះដែរ លោក លី សុធូ អគ្គនាយកប្រចាំប្រទេសនៃក្រុមហ៊ុន យូនីលឹវើ កម្ពុជា និងឡាវ បានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្រ្តនៃភាពជាដៃគូដោយមានប្រសាសន៍ថា «ការសហការរបស់យើងជា មួយក្រុមហ៊ុនលីហ៊្វូដ សឺវីស អនុញ្ញាតឱ្យយើងពង្រឹងវត្តមានរបស់យើងនៅទីនេះបន្ថែមទៀត តាមរយៈភាពជាដៃគូនេះ យើងមានបំណងបម្រើអតិថិជនកម្ពុជាឱ្យកាន់តែប្រសើរឡើងនិង ងាយស្រួល ជាមួយនឹង ផលិតផលគុណភាពខ្ពស់ និងនិរន្តរភាពរបស់យើង»។

លោកបន្តថា «ស្របពេលដែល ក្រុមហ៊ុន លីហ៊្វូដ សឺវីស និងក្រុមហ៊ុន យូនីលីវើ ខេមបូឌា ចាប់ផ្តើមដំណើរជាមួយគ្នានេះ ពួកយើងធ្វើការអញ្ជើញអ្នកប្រើប្រាស់ និងអ្នកពាក់ព័ន្ធនៅទូទាំងប្រទេសកម្ពុជា ដើម្បីចូលរួមជាមួយពួកយើងក្នុងការបង្កើតអនាគតដ៏ត្រចះត្រចង់ និងប្រកបដោយនិរន្តរភាព»៕