(ឡុងដ៍)៖ ខ្សែបម្រើក្លិបសារិកាព្រៃ Newcastle United កីឡាករ Sandro Tonali ត្រូវបានចោទប្រកាន់ដោយស្ថាប័នគ្រប់គ្រងបាល់ទាត់អង់គ្លេស (FA) ពាក់ព័ន្ធនឹងការបំពានលើការភ្នាល់។ នេះបើយោងតាម FA ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន​ CNA នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

«FA សម្រេចចោទប្រកាន់ខ្សែបម្រើក្លិប Newcastle United ថាបានបំពានច្បាប់ FA Rule E8 ដោយបានភ្នាល់ការប្រកួតបាល់ទាត់ ចម្លោះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣» FA បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

«Sandro Tonali មានពេលវេលារហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នេះ»

កីឡាករអន្តរជាតិអ៉ីតាលី វ័យ ២៣ឆ្នាំរូបនេះ បានរងទណ្ឌកម្មហាមឃាត់ពីការប្រកួត ១៨ខែ កាលពីខែតុលាឆ្នាំមុន ដោយសហព័ន្ធបាល់ទាត់អ៉ីតាលី ជាមួយនឹងរយៈពេល ៨ខែ ត្រូវបានប្តូរទៅជាការព្យាបាលជំនួសវិញ បន្ទាប់ពីកិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងជាមួយការិយាល័យរដ្ឋអាជ្ញាសហព័ន្ធ៕