(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Amazon បានប្រកាសថា ខ្លួននឹងចំណាយប្រាក់ចំនួន ២.៧៥ពាន់លានដុល្លារបន្ថែមទៀត ដើម្បីគាំទ្រដល់ក្រុមហ៊ុន Anthropic ដែលជាក្រុមហ៊ុនអភិវឌ្ឃន៍ AI មួយមានមូលដ្ឋាននៅសាន់ហ្វ្រាន់ស៊ីស្កូ ខណៈចំនួនវិនិយោគនេះ ត្រូវបានគេដឹងថា ច្រើនបំផុតក្នុងប្រវត្តសាស្ត្រក្រុមហ៊ុន ក្នុងរយៈពេល៣ទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

គម្រោងនេះ ត្រូវបានគេមើលយ៉ាងទូលំទូលាយថា ជាអ្នកនាំមុខគេនៅក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីចូលខ្លួនមកប្រកួតប្រជែងជាមួយ OpenAI និង ChatGPT ។ ក្រុមហ៊ុនបានប្រកាសការវិនិយោគដំបូងចំនួន ១.២៥ពាន់លានដុល្លារនៅក្នុងខែកញ្ញា ហើយបាននិយាយនៅពេលនោះថា Amazon នឹងវិនិយោគរហូតដល់ ៤ពាន់លានដុល្លារ ខណៈព័ត៌មានដែលចេញកាលពីថ្ងៃពុធកន្លងទៅនេះ បង្ហាញពីការផ្តល់មូលនិធិទីពីររបស់ក្រុមហ៊ុន Amazon បន្ថែមផងដែរ។

ក្រុមហ៊ុនបាននិយាយថា Amazon នឹងរក្សាភាគហ៊ុនតិចនៅក្នុងក្រុមហ៊ុនថ្មីនេះ ហើយនឹងមិនមានកៅអីក្នុងក្រុមប្រឹក្សាភិបាល Anthropic នោះទេ។ ព័ត៌មាននៃការវិនិយោគរបស់ក្រុមហ៊ុន Amazon កើតឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពី Anthropic បានបង្ហាញ Claude 3 ដែលជាម៉ូដែល AI ថ្មីមួយ ដែលមានសមត្ថភាពខ្លាំងជាង GPT-4 និង Google ទៅទៀត។

លោក Swami Sivasubramanian អនុប្រធានផ្នែកទិន្នន័យ និង AI នៅ AWS បាននិយាយថា «Generation AI បានត្រៀមខ្លួនជាស្រេច ដើម្បីក្លាយជាបច្ចេកវិទ្យាមួយ ដែលមានភាពពិសេសបំផុត នៃពេលវេលានេះ ហើយយើងជឿជាក់ថាកិច្ចសហការជាយុទ្ធសាស្រ្តរបស់យើងជាមួយ Anthropic នឹងធ្វើឲ្យប្រសើរឡើង នូវបទពិសោធន៍នានាជាមួយអតិថិជនរបស់យើងបន្ថែមទៀត ដែលកំពុងទន្ទឹងរង់ចាំ»

គួរជម្រាបថា នេះជាការផ្លាស់ប្តូររបស់ Amazon ចុងក្រោយបំផុត ចាប់តាំងពីការចំណាយលើគម្រោង Cloud ហើយគម្រោងលើកនេះ គឺដើម្បីបន្តនាំមុខក្នុងការប្រណាំងប្រជែងលើវិស័យ AI ៕