(ឡុងដ៏)៖ ខ្សែបម្រើ Sandro Tonali របស់ក្លិប Newcastle United ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA ចោទប្រកាន់ពីបទប្រព្រឹត្តខុសនឹងច្បាប់ភ្នាល់, នេះបើតាមប្រភពពី BBC ឱ្យដឹងនាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

Sandro Tonali មានវ័យ ២៣ឆ្នាំ ពេលនេះកំពុងជាប់បម្រាមរយៈពេល ១០ខែ ដែលចេញដោយសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) កាលពីខែតុលា បន្ទាប់ពីស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានផ្តល់សច្ចាប័នលើការហាមឃាត់ ពីបទបំពានច្បាប់ភ្នាល់នៅក្នុងប្រទេសអ៊ីតាលី ។

ខណៈស្ថាប័នបាល់ទាត់អង់គ្លេស FA បានចោទប្រកាន់ Tonali ពីបទបំពានច្បាប់ភ្នាល់ នៅលើការប្រកួតកាលពីថ្ងៃទី១២ ខែសីហា និងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ហើយរូបគេត្រូវបានហាមឃាត់ដោយ (FIGC) សម្រាប់ការភ្នាល់លើការប្រកួតដែលពាក់ព័ន្ធនឹងក្រុម Brescia លេងទល់និង AC Milan ។

Sandro Tonali កីឡាករម្នាក់ត្រូវបាន Newcastle នាំមកពីក្លិប AC Milan ក្នុងតម្លៃ ៥៥លានផោនកាលពីខែកក្កដា ឆ្នាំ២០២៣ ហើយរូបគេបានពេលរហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ក្នុងឆ្លើយតបនឹងបញ្ហាខាងលើនេះ ខណៈដែលក្លិប Newcastle United ក៏ទទួលស្គាល់ពីបទចោទប្រកាន់នេះ ដែលទាក់ទងការបំពានច្បាប់ភ្នាល់របស់ស្ថាប័ន FA ផងដែរ ៕