(ក្រុងឡុងដ៍)៖ លោក Gareth Southgate អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិតោកំណាចអង់គ្លេសបានលើកឡើងថា រូបលោកនឹងធ្វើការកោះហៅកីឡាករចាស់ៗបន្ថែមទៀត ដើម្បីលេងពានអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឹម៉ង់ ក្នុងខណៈបានកំពុងជួបវិបត្តិកីឡាករមានបញ្ហារបួសច្រើនផងនោះ។

បុរសសញ្ជាតិអង់គ្លេសខាងលើនេះ នឹងធ្វើការកោះហៅកីឡាករចូលជំរំហ្វឹកហាត់ជុំគ្នានាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ដែលមានរយៈពេល ២ឆ្នាំប៉ុណ្ណោះ ក្រោយលីគ Premier League បិទរដូវកាល។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ជាបឋមលោក Southgate នឹងកោះហៅកីឡាករ ២៦នាក់ មុនពេលជម្រុះយកត្រឹម ២៣នាក់នៅត្រឹមថ្ងៃទី០៧ ខែមិថុនា ក្នុងការលេងពាន Euro 2024 ដ្បិតសហព័ន្ធ UEFA ក៏បានកំពុងពិចារណាពីសំណើ ក្នុងការរក្សាកីឡាករចំនួន ២៦នាក់ដដែល ដូចទៅនឹង ២ព្រឹត្តិការណ៍ធំៗកន្លងទៅ ចំពេលសកលលោកជួបវិបត្តិជំងឺកូវីដ-១៩។

អង់គ្លេស ដែលជាអតីតជើងឯករង Euro 2020 ពុំមានវត្តមានកីឡាករសំខាន់ៗដូចជា Trent Alexander-Arnold និង Luke Shaw ក្នុងជំនួបមិត្តភាអន្តរជាតិទល់នឹងប្រេស៊ីល និងប៊ែលហ្សិកនាពេលថ្មីៗនេះទេ គ្រាដែល Kyle Walker, Harry Maguire និង Harry Kane បានចាកចេញពីជំរំហ្វឹកហាត់មុនគេ ក្រោយរងរបួសទៀត។

ខាងក្រោមនេះ ជាកាលបរិច្ឆេទផ្តាច់ព្រ័ត្រនៃពានរង្វាន់នានា មុនពេល Euro 2024 ចាប់ផ្តើម៖
១៩ ឧសភា៖ ផ្តាច់ព្រ័ត្រ Premier League
២១ ឧសភា៖ លោក Southgate កោះហៅកីឡាករចូលជំរំហ្វឹកហាត់ត្រៀម Euro 2024
២២ ឧសភា៖ ផ្តាច់ព្រ័ត្រពាន Europa League
២៥ ឧសភា៖ ផ្តាច់ព្រ័ត្រ FA Cup
១ មិថុនា៖ ផ្តាច់ព្រ័ត្រ Champions League
៣ មិថុនា៖ អង់គ្លេស ប៉ះអ៊ីស្លង់ ក្នុងមិត្តភាពអន្តរជាតិ
៧ មិថុនា៖ អង់គ្លេស ប៉ះបូស្នី ក្នុងមិត្តភាពអន្តរជាតិ
៧ មិថុនា៖ ថ្ងៃបិទបញ្ចប់បញ្ជូនឈ្មោះកីឡាករលេងពាន Euro 2024 ទៅកាន់ UEFA
១៤ មិថុនា៖ ព្រឹត្តិការណ៍ Euro 2024 នៅប្រទេសអាល្លឺម៉ង់ចាប់ផ្តើម
១៦ មិថុនា៖ អង់គ្លេស ប៉ះស៊ែប៊ី សម្រាប់ ១ប្រកួតបើកឆាករបស់ពួកគេនៅ Euro លើកទី១៧៕