(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយសមាគមកីឡាកម្ពុជាប្រចាំសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់ការចូលរួម និងអភិវឌ្ឍវិស័យកីឡា ពិសេសស្វែងរកកីឡាករ-កីឡាការិនីមានឈាមជ័រជាខ្មែរ មកចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា នេះគឺជាកិច្ចព្រមព្រៀងផ្លូវការ បន្ទាប់ពីភាគីទាំងពីរ មានកិច្ចសហការរួមគ្នាជាច្រើនឆ្នាំកន្លងមកប្រកបដោយភាពជោគជ័យ តែមិនទាន់មានការចុះអនុស្សារណៈយោគយល់គ្នា។ ដូច្នេះការចុះ MOU នេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបើកទូលាយជូនចំពោះកីឡាករ-កីឡាការិនីមានឈាមជ័រខ្មែរនៅក្រៅប្រទេសឲ្យចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា។

លោកបានបន្ដថា «គោលបំណងនៃការចុះ MOU នេះ គឺដើម្បីលើកកម្ពស់ការចូលរួម និងអភិវឌ្ឍកីឡា ក៏ដូចជាការផ្លាស់ប្តូរ មន្រ្តី គ្រូបង្វឹក អត្តពលិករវាងក្រសួងអប់រំ យុវជន និងកីឡា និងសមាគមកីឡាកម្ពុជាប្រចាំសហរដ្ឋអាមេរិក។ សកម្មភាពនៃកិច្ចសហការនេះ នឹងពង្រីកសក្កានុពលរបស់ភាគីទាំងពីរ ក្នុងការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងសកម្មភាពចាំបាច់នានា ក្នុងន័យជំរុញបន្ថែមទៀតនូវកម្រិតនៃគុណផលកីឡាកម្ពុជាក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ»

ចំពោះលក្ខខណ្ឌក្នុងអនុស្សារណៈយោគយល់គ្នានេះដែរ បានបញ្ជាក់ជុំវិញការនាំយកអត្តពលិកមានឈាមជ័រជាខ្មែរមកចូលក្រុមជម្រើសជាតិ ចាំបាច់ត្រូវធ្វើតេស្ដសមត្ថភាពជាមួយអត្តពលិកក្នុងស្រុកជាមុនសិន ដើម្បីជ្រើសរើសកីឡាករមានគុណភាពល្អលើល្អ តំណាងកម្ពុជាប្រកួតលើឆាកអន្តរជាតិ។ លើសពីនេះ ភាគីទាំងពីរ ក៏បានឯកភាពលើការបញ្ជូន គ្រូបង្វឹក មន្រ្តីបច្ចេកទេស និងអត្តពលិកកីឡាទៅរៀនសូត្រ និងហ្វឹកហាត់ជាដើម ដើម្បីបង្កើនចំណេះដឹង បទពិសោធន៍ និងផ្សារភ្ជាប់ទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជន រវាងកីឡា និងកីឡា ពិសេសផ្សព្វផ្សាយវិស័យកីឡានៅសហរដ្ឋអាមេរិកផងដែរ។

លោក វ៉ាត់ ចំរើន បន្ថែមថា អនុស្សារណៈយោគយល់គ្នា ក៏សំដៅបើកបង្ហាញជាផ្លូវការនៃការផ្សាយឲ្យកាន់តែទូលំទូលាយទៅដល់អត្តពលិកមានឈាមជ័រនៅក្រៅប្រទេសទាំងអស់ផងដែរ ដ្បិតនេះគឺជាគោលបំណងមួយ នៃការបង្កើតសុខដុមនីយកម្មមួយក្នុងការងារកីឡាជាមួយគ្នា ដោយស្មើភាព និងស្វែងរកការអភិវឌ្ឍរីកចម្រើនព្រមគ្នា។ ដូច្នេះគ្រប់កីឡាករ-កីឡាការិនីមានឈាមជ័រជាខ្មែរ ទាំងនៅអាមេរិក និងគ្រប់បណ្ដាប្រទេសលើពិភពលោក ត្រូវឆ្លងកាត់ការធ្វើតេស្ដសមត្ថភាពជាមួយក្រុមកីឡាក្នុងស្រុកជាមុនសិន មុនកំណត់យកចូលក្រុមជម្រើសជាតិកម្ពុជា។

គួរដឹងថា អនុស្សារណៈយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា និងសមាគមកីឡាកម្ពុជាប្រចាំសហរដ្ឋអាមេរិកខាងលើ គឺមានសុពលភាពរយៈពេល ៣ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២៧៕