(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងនឹងប្រើប្រាស់អេក្រង់កម្រិតខ្ពស់ពីក្រុមហ៊ុន BOE ជាលើកដំបូង សម្រាប់ស្មាតហ្វូនតម្លៃមធ្យមរបស់ខ្លួននាពេលខាងមុខ iPhone SE4 ខណៈបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងដំណាក់ការចរចាតម្លៃ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា Apple និង BOE បានជជែកគ្នាអំពីការផ្គត់ផ្គង់អេក្រង់ប្រភេទ OLED ទំហំ ៦.១អ៊ីញ បន្ទាប់ពីក្រុមហ៊ុន Samsung បានដកខ្លួនចេញពីកិច្ចព្រមព្រៀង ដោយសារបញ្ហាតម្លៃបន្ទះអេក្រង់។ របាយការណ៍នេះអះអាងថា អេក្រង់ OLED ទំហំ ៦.១អ៊ីញតែមួយមានតម្លៃប្រហែល ៣០ដុល្លារនៅក្រុមហ៊ុន Samsung ខណៈដែលក្រុមហ៊ុន Apple ផ្តល់ជូនក្នុងតម្លៃ ២៥ដុល្លារ។ ជាងនេះទៅទៀត ប្រភដដែលបានណែនាំថា តម្លៃនេះគឺ ទាបជាងអ្វីដែលក្រុមហ៊ុនចិនស្នើសុំ។

គួរជម្រាបដែរថា ប្រសិនបើ Apple និង BOE ចរចាតម្លៃនេះត្រូវគ្នា ឬ អាចនឹងចាប់ផ្តើមកិច្ចព្រមព្រៀងនោះ ទំនងជា BOE ជាអ្នកផ្គត់ផ្គង់អេក្រង់សម្រាប់ iPhone SE 4 ទាំងអស់តែម្តង៕