(បរទេស)៖ លោក Brendan Rodgers អ្នកចាត់ការទូទៅនៃក្លិបបាល់ទាត់ Celtic ត្រូវបានសហព័ន្ធបាល់ទាត់ស្កុតឡេនពិន័យព្យួរជើង ១ប្រកួត ពីបទម៉ាក់ងាយអាជ្ញាកណ្តាល ក្រោយក្រុមរបស់លោកលេងចាញ់នាពេលថ្មីៗនេះ។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា លោក Rodgers បានត្អូញត្អែរចំពោះអាជ្ញាកណ្តាលថាមានភាពលំអៀង ក្រោយពេលក្រុម Celtic របស់លោករងបរាជ័យ ២-០ ក្រោមថ្វីជើងរបស់ Hearts ក្នុងប្រកួតលីគ Scottish Premiership កាលពីដើមខែមីនានេះ។

យ៉ាងណាក៏ដោយ Celtic បានឱ្យដឹងថា ពួកគេបានទទួលយកចំពោះការសម្រេចនេះ ដោយពុំមានការប្រឆាំងអ្វីឡើយ ស្របពេលលោក Rodgers នឹងអវត្តមានពេល Celtic ពើបប្រទះនឹងគូប្រជែង Livingston នៅកីឡដ្ឋាន Old Firm នាចុងខែមីនានេះ និងវិលត្រឡប់មកដឹកនាំនៃជំនួប Derby ទល់នឹង Rangers ដែលជាក្រុមការពារតំណែងជើងឯក នារាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤។

បុរសសញ្ជាតិអៀរឡង់ខាងជើងរូបនេះបានដឹកនាំ Celtic ឈរទីកំពូលតារាង Scottish Premiership សម្រាប់រដូវកាលឆ្នាំ២០២៣-២០២៤ ជាមួយនឹង ៧១ពិន្ទុ ក្រោយឆ្លងកាត់ ៣០ប្រកួតមកនេះក្នុងចំណោម ១២ក្រុមសរុប នាំមុខក្រុមលេខ២ Rangers តែ ១ពិន្ទុប៉ុណ្ណោះ ដ្បិតពួកគេនៅសល់ ១ប្រកួតក្នុងដៃទៀតដែរ៕