(បរទេស)៖ យោងតាមរបាយការណ៍ពី Counterpoint Research បាននិយាយថា ការនាំចេញស្មាតហ្វូនសកល នឹងមានសន្ទុះឡើងវិញប្រមាណ ៣ភាគរយនៅឆ្នាំនេះ ដោយមានការគូសបញ្ជាក់អំពីការថមថយនៃអតិផរណា ក៏ដូចជាតម្រូវការនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន និងការរូមបញ្ចូលនៃបច្ចេកវិទ្យា AI ជំនាន់ថ្មី ដែលទាក់ទាញចំណាប់អារម្មណ៍អ្នកទិញទៅកាន់ឧបករណ៍កម្រិតខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

រំលឹកទៅរបាយការណ៍មុន ប្រភពពីក្រុមហ៊ុនសា្រវជា្រវទីផ្សារ Counterpoint Research បានបង្ហាញទិន្នន័យនៃការលក់ជាផ្លូវការ ខណៈពេលនោះចំនួននាំចេញស្មាតហ្វូនសកលបានធ្លាក់ចុះប្រមាណ ៤ភាគរយឯណោះ ទាំងនោះក៏ដោយសារតែអ្នកប្រើប្រាស់ព្យាយាមកាត់បន្ថយការចំណាយរបស់ពួកគេ ស្របពេលដែលសេដ្ឋកិច្ចកំពុងជួបវិបត្តិ។

តែយ៉ាងណាតាមរយៈការស្រាវជ្រាវថ្មីៗនេះ ប្រភពដដែលបានឱ្យដឹងថា បច្ចុប្បន្ននេះសេដ្ឋកិច្ចតាមទីផ្សារមួយចំនួនកំពុងមានភាពប្រសើរឡើងវិញក្នុងនោះរួមមាន ប្រទេសឥណ្ឌា មជ្ឈិមបូព៌ា និងអាហ្រ្វិជាដើម។ ទីផ្សារទាំងនេះ ត្រូវបានគេមើលឃើញថា ជាកត្តាជំរុញដ៏សំខាន់សំម្រាប់ទីផ្សារស្មាតហ្វូន ជាពិសេសគឺ ផ្នែកថវិកា-សេដ្ឋកិច្ច។

ជាងនេះទៅទៀតរបាយការណ៍បានបង្ហាញថា កំណើនស្មាតហ្វូនតម្លៃទាបចន្លោះពី ១៥០ដុល្លារ ទៅ ២៤៩ដុល្លារ ក្នុងឆ្នាំនេះ នឹងទទួលបានភាគច្រើនមកពីតំបន់អាហ្រិក និងអាមេរិកឡាទីន។ ដោយឡែកចំពោះសា្មតបុព្វលាភាព ដែលគ្របដណ្តប់លើស្មាតហ្វូនដែលមានតម្លៃចន្លោះពី ៦០០ដុល្លារ ទៅ ៧៩៩ដុល្លារ ត្រូវបានគេរំពឹងថានឹងកើនឡើង ១៧ភាគរយដែលជំរុញដោយការណែនាំនៃបច្ចេកវិទ្យា genAI និងប្រជាប្រិយភាពនៃទូរស័ព្ទដែលអាចបត់បាន។

ក្រុមហ៊ុន Apple និង Huawei ត្រូវបានគេព្យាករណ៍ថា នឹងក្លាយជាអ្នកឈ្នះក្នុងទីផ្សារបុព្វលាភ ដោយ Apple ទទួលបានអត្ថប្រយោជន៍ពីតម្រូវការស្ថិរភាពសម្រាប់ iPhone ក្នុងទីផ្សារដែលកំពុងរីកចម្រើន ហើយ Huawei រក្សាវត្តមានដ៏រឹងមាំនៅក្នុងប្រទេសចិនជាមួយនឹងបន្ទះឈីប 5G Kirin របស់ខ្លួន។

គួរជម្រាបដែរថា ការប្រកួតប្រជែងពីក្រុមហ៊ុន Huawei បានជះឥទ្ធិពលដល់ការលក់ iPhone នៅក្នុងប្រទេសចិន ដែលនាំឱ្យមានការធ្លាក់ចុះចំនួន ២៤ភាគរយក្នុងរយៈពេលប្រាំមួយសប្តាហ៍ដំបូងនៃឆ្នាំ ២០២៤។ លើសពីនេះ Apple ត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាដើម្បីបញ្ចូលម៉ាស៊ីន Gemini AI របស់ Google ទៅក្នុង iPhone របស់ខ្លួនដើម្បីអាចឈានទៅដណ្តើមមកុដរបស់ខ្លួនត្រឡប់មកវិញ៕