(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សាអាមេរិក Apple ត្រូវបានរាយការណ៍មកថា កំពុងស្ថិតក្នុងការពិចារណាប្រើប្រាស់ AI របស់ក្រុមហ៊ុនចិន Baidu នៅលើទូរស័ព្ទដៃ iPhone 16 របស់ខ្លួនដែលបញ្ចេញក្នុងពេលខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ iPhone 16 ដែលលក់ក្រៅពីទីផ្សារប្រទេសចិន គឺប្រើប្រាស់ AI របស់ក្រុមហ៊ុនអាមេរិកដដែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Gizmo China។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងពិភាក្សាជាមួយក្រុមហ៊ុនអ៊ីនធឺណិតយក្សរបស់ចិន Baidu ដើម្បីបញ្ចូល Baidu's Ernie Bot ដែលជាគំរូភាសាធំ (LLM) ទៅក្នុង iPhone 16 របស់ខ្លួន និងក្នុងផលិតផលផ្សេងទៀត។ នេះបើយោងតាមរបាយការណ៍ពី Cailian Press ។ ការផ្លាស់ប្តូរនេះ ត្រូវបានគេមើលឃើញថា កើតឡើងចំពេលដែល Apple ខិតខំប្រឹងប្រែងពង្រីកខ្លួនក្នុងទីផ្សារចិន និងអនុលោមតាមបទប្បញ្ញត្តិដ៏តឹងរឹងរបស់ប្រទេសចិន។

របាយការណ៍បង្ហាញថា Apple នឹងប្រើប្រាស់ Ernie Bot សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 18 របស់ខ្លួន និង Mac OS នៅក្នុងប្រទេសចិន។ Apple ត្រូវបានគេរាយការណ៍ថាបានពិភាក្សាជាមួយក្រុមហ៊ុនចិនផ្សេងទៀតដូចជា Alibaba និងក្រុមហ៊ុន AI ដែលមានទំនាក់ទំនងជាមួយសាកលវិទ្យាល័យ Tsinghua មុនពេលជ្រើសរើសក្រុមហ៊ុន Baidu ។ ទោះជាយ៉ាងណាក៏ដោយ Apple ទំនងជានៅតែប្រកាន់ខ្ជាប់នូវការប្រើប្រាស់ AI របស់ ក្រុមហ៊ុនអាមេរិក Google ដដែល សម្រាប់ទីផ្សារនានាក្រៅពីប្រទេសចិន។

ទោះយ៉ាងណាក៏ដោយ ទាំង Apple និង Baidu សុទ្ធសឹងតែត្រូវប្រឈមមុខនឹងឧបសគ្គផ្នែកច្បាប់ដូចគ្នា ព្រោះប្រទេសចិនបានបង្កើតបទប្បញ្ញត្តិយ៉ាងតឹងរឹង ដើម្បីគ្រប់គ្រងបច្ចេកវិទ្យា AI។ សម្រាប់ដំណឹងនៃកិច្ចសហការរបស់ Apple-Baidu នេះ បានធ្វើអោយភាគហ៊ុនរបស់ Baidu កើនឡើង ៦% ផងដែរនៅក្នុងទីក្រុងហុងកុង

គួរជម្រាបថា ដំណឹងនេះ កើតមានឡើងចំពេលនៃការធ្វើដំណើរទស្សនកិច្ចរបស់លោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ទៅកាន់ប្រទេសចិន ហើយលោកក៏បញ្ជាក់ជាថ្មីនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Apple សម្រាប់ទីផ្សារក្នុងប្រទេសចិន និងជួបជាមួយនឹងអ្នកផ្គត់ផ្គង់ធំៗនៅទីនេះផងដែរ។ លោក Tim Cook ក៏បានសរសើរទៅអ្នកផ្គត់ផ្គង់ជាច្រើនរបស់ចិន សម្រាប់ការបោះជំហានទៅរកកាបូនស្មើសូន្យផងដែរ៕