(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស «Exprez Tour Concert» របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ «Galaxy Navatra» បានធ្វើដំណើរមកដល់ខេត្តត្បូងឃ្មុំហើយនៅសប្ដាហ៍នេះ ដោយការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ មកបម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នាំ២០២៤នេះ ដែលមានទីតាំងនៅភូមិនិគមលើ ឃុំស្រឡប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចាប់ពីម៉ោង ០៨៖០០នាទីយប់ ដល់ម៉ោង១១៖៣០នទីយប់។

កំពូលតារាចម្រៀងដែលនឹងចូលរួមច្រៀង មានដូចជាកំពូលតារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ, លោក ខេមរៈ សិរីមន្ត, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា, លោក គូម៉ា, លោក Tempo Tris, លោក ជុំ លីណូ, លោក នេន ទុំ, លោក វង្ស ថា ណាន់, កញ្ញា អ៊ុក សុវណ្ណារី, លោក ធឿន បូរី និង កញ្ញា ឡុង លក្ខិណា។

ក្រៅពីការប្រគំតន្ត្រីរបស់តារាចម្រៀង ដែលបានរៀបរាប់ខាងលើ ក៏មានអមមកជាមួយការសម្ដែង Show ពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេស Sound ទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៌ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី៕