(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំថ្មី ដោយលោក ខូវ ឆាយ ត្រូវបានអង្គប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បោះឆ្នោតជ្រើសតាំងជាប្រធានសហព័ន្ធ ជំនួសប្រធានសហព័ន្ធចាស់ គឺលោក តែម ម៉ឺន ដែលបានសុំលាលែងពីតំណែង ។

យោងតាមសេចក្ដីរបស់សហព័ន្ធ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ (អនុប្រធានសហព័ន្ធ) ត្រូវបានតែងតាំងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រហូតដល់ចប់អាណត្តិទី៧ ឆ្នាំ២០២១-២០២៥ ។ រីឯប្រធានសហព័ន្ធចាស់ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ត្រូវបានតែងតាំងជាប្រធានកិត្តិយស ។

បើតាមប្រភពពីមន្ដ្រីសហព័ន្ធ បានឲ្យដឹងថា ការសម្រេចផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំសហព័ន្ធនេះ ធ្វើឡើងក្រោយលោក តែម ម៉ឺន បានសុំលាឈប់ពីប្រធានសហព័ន្ធ ដោយសារមមាញឹកការងាររដ្ឋផង និងមានបញ្ហាសុខភាពផង ។ ហេតុនេះ គណៈកម្មការប្រតិបត្តិសហព័ន្ធ ក៏សម្រេចបោះឆ្នោតជ្រើសតាំងប្រធានថ្មី ដើម្បីដឹកនាំបន្ដរហូតដល់ចប់អាណត្តិតែម្ដង ។

គួរដឹងថា លោក តែម ម៉ឺន បានឡើងកាន់តំណែងប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចាប់ពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០២៤ ដោយក្រោមការដឹកនាំរបស់លោក បានជំរុញឲ្យវិស័យកីឡាក្បាច់គុនបុរាណខ្មែរមួយនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយទទួលបានសមិទ្ធផលជាច្រើនពីការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ពិសេសការដណ្ដើមបានមេដាយដ៏ច្រើន ក្នុងនាមម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កន្លងទៅ ៕