(មេនឆេស្ទឺ)៖ ខ្សែការពារក្លិប Manchester United កីឡាករ Lisandro Martinez អាចវិលត្រឡប់មកវិញ សម្រាប់ការប្រកួតក្នុងលីគ Premier League របស់ពួកគេ ប៉ះនឹងគូប្រជែង Brentford នៅថ្ងៃសៅរ៍ បន្ទាប់ពីបានអវត្តមានដោយសាររបួសជង្គង់។ នេះបើតាមសម្តីអ្នកចាត់ការ Erik ten Hag ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។

កីឡាករវ័យ ២៦ឆ្នាំ សញ្ជាតិអាហ្សង់ទីនរូបនេះ បានរងរបួសសរសៃចងជង្គង់របស់លោក អំឡុងពេលបិសាចក្រហមឈ្នះ ៣-០ លើក្លិប West Ham United កាលពីខែកុម្ភៈ។

សូមជម្រាបថា Man United កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៦ ក្នុងតារាងលីគកំពូលអង់គ្លេស ដោយមាន ១០ប្រកួតទៀត ខណៈការប្រកួតបន្ទាប់ នឹងធ្វើដំណើរទៅជួបក្លិបចំណាត់ថ្នាក់ទី១១ ក្លិបតោខៀវ Chelsea ៕