(ឡុងដ៍)៖ ក្លិបបាល់ទាត់ Leicester City Women បានបណ្តេញអ្នកចាត់ការ Willie Kirk ចេញពីតំណែង បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងមួយ បានរកឃើញថា លោកបានបំពានក្រមសីលធម៌របស់ក្លិប។ នេះបើតាមក្លិបលេងនៅលីគ Women's Super League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានចុះផ្សាយ នៅខែនេះថា លោក Kirk បានស្ថិតក្រោមការស៊ើបអង្កេត ពីការចោទប្រកាន់ថាមានទំនាក់ទំនងជាមួយនឹងកីឡាការិនី។

លោក Kirk វ័យ ៤៥ឆ្នាំ ត្រូវបានតែងតាំងជាអ្នកចាត់ការក្លិប Leicester ផ្នែកស្រ្តីកាលពីខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីបំពេញតួនាទីរយៈពេលខ្លី ក្នុងតួនាទីជានាយកផ្នែកបាល់ទាត់របស់ក្លិប។

​ជំនួយការអ្នកចាត់ការ លោក Jennifer Foster នឹងទទួលបន្ទុកដឹកនាំក្រុម ខណៈក្លិបកំពុងត្រៀមរៀបចំតែងតាំងអ្នកចាត់ការអចិន្ត្រៃយ៍។

សូមជម្រាបផងថា Leicester កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៩ ក្នុងតារាង WSL ហើយនឹងធ្វើដំណើរទៅជួបក្លិប Aston Villa នៅថ្ងៃសៅរ៍នេះ៕