(ប៉ារីស)៖ បារាំង បានស្នើទៅបរទេសប្រមាណ ៤៥ប្រទេស ដើម្បីចូលរួមចំណែកដាក់ពង្រាយយោធា ប៉ូលិស និងបុគ្គលិកស៊ីវិលបន្ថែមរាប់ពាន់នាក់ទៀត ក្នុងការជួយការពារសន្តិសុខ ក្នុងព្រឹត្តិការណ៍ Paris Olympics នារដូវក្តៅនេះ។ នេះបើតាមប្រភពពីរដ្ឋាភិបាលចំពេលមានទស្សនវិស័យភូមិសាស្ត្រនយោបាយ និងសន្តិសុខដ៏ស្មុគស្មាញ។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា បារាំងគ្រោងដាក់ពង្រាយកងកម្លាំងប៉ូលិស និងសន្តិសុខបារាំងប្រមាណ ៤៥,០០០នាក់, បុគ្គលិកសន្តិសុខឯកជន ២០,០០០នាក់ និងយោធាប្រមាណ ១៥,០០០នាក់ ក្នុង១ថ្ងៃ ដើម្បីការពារព្រឹត្តិការណ៍ដែលនឹងមានអ្នកគាំទ្រវិស័យកីឡា និងភ្ញៀវទេសចររាប់លាននាក់ ស្នាក់នៅក្នុងប្រទេស រយៈពេលជាច្រើនសប្តាហ៍នារដូវក្តៅ។

សង្គ្រាមនៅអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា ព្រមទាំងការគំរាមកំហែងវាយប្រហារភេរវកម្ម បានបង្ខំឱ្យរដ្ឋាភិបាលបារាំង បង្កើនការប្រុងប្រយ័ត្នសន្តិសុខរបស់ខ្លួន ទៅកាន់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

យោងតាមប្រភពពីរដ្ឋាភិបាល និងក្រសួងមហាផ្ទៃបារាំងបានឱ្យដឹងថា ការស្នើសុំត្រូវបានធ្វើឡើងកាលពីខែមករា ទៅកាន់ប្រមាណ ៤៥ប្រទេស ដើម្បីជួយបង្កើនសមត្ថភាព ជាមួយនឹងមនុស្សជាង ២,០០០នាក់ថែមទៀត ទាំងយោធា និងមិនមែនយោធា។

ប៉ូឡូញ បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងចូលរួមដោយនឹងបញ្ជូនកងទ័ព ខណៈអាល្លឺម៉ង់ថា នៅខែមីនា នឹងបញ្ជូនមកចូលរួមផងដែរ។

​ប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបផ្សេងទៀត ក្នុងនោះរួមទាំងអង់គ្លេស និងអ៉ីតាលី ក៏នឹងចូលរួមតាមរយៈការបញ្ជូនប៉ូលិស ដើម្បីជួយការពារនៅតាមដងផ្លូវ។

ប្រភពពីរដ្ឋាភិបាលបារាំងបានឱ្យដឹងថា មានប្រទេសចំនួន ៣៥ហើយ មកដល់ពេលនេះ ដែលបានឆ្លើយតបជាមួយនឹងភាពវិជ្ជមាន៕