(បរទេស)៖ សហរដ្ឋអាមេរិក នឹងចាប់ដៃគូជាមួយម៉ិកស៊ិក ដើម្បីស្វែងរកឱកាសជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលពាក់កណ្តាលសម្រេច (semiconductor) ស្របពេល រដ្ឋបាល លោក Biden កំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន និងតៃវ៉ាន់សម្រាប់វិស័យបច្ចេកវិទ្យា។ នេះសេចក្តីប្រកាសពីក្រសួងការបរទេសអាមេរិក ហើយត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

កិច្ចសហការនេះ ត្រូវបានធ្វើឡើងក្រោមច្បាប់ «US CHIPS» ដែលជាច្បាប់មួយចូលជាធរមានកាលពីឆ្នាំ២០២២ និងបានបង្កើតឡើងក្រោមមូលនិធិចំនួន ៥០០លានដុល្លារ សម្រាប់ការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor តាមរយៈគំនិតផ្តួចផ្តើមជាមួយសម្ព័ន្ធមិត្ត និងដៃគូ។

តាមសេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា «ការផលិតផលិតផលសំខាន់ៗ រាប់ចាប់ពីយានយន្តរហូតដល់ឧបករណ៍វេជ្ជសាស្ត្រ គឺពឹងផ្អែកលើកម្លាំងនិងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor»។ ជាក់ស្តែង សម្រាប់ភាពជាដៃគូនេះ នឹងចាប់ផ្តើមជាមួយនឹងការវាយតម្លៃលើឧស្សាហកម្ម semiconductor ដែលមានស្រាប់របស់ប្រទេសម៉ិកស៊ិក ក្រោមក្របខ័ណ្ឌនៃបទប្បញ្ញត្តិនានា និងតម្រូវការកម្លាំងពលកម្ម។

យ៉ាងណាមិញ ជុំវិញសេចក្តីប្រកាសនេះ ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី Reuters នោះទេ៕