(ភ្នំពេញ)៖ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូកីឡាការ៉ាតេថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលជាវគ្គកម្រិតមូលដ្ឋានដោយជោគជ័យ ក្រោយដំណើរការសិក្សារយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៩ ខែមីនា ឆ្នាំ២០២៤ ដើម្បីទទួលបាននូវធនធានគ្រូបង្វឹកបន្ថែមទៀត ក្នុងការជំរុញការបណ្ដុះបណ្ដាល និងផលិតធនធានកីឡាករ-កីឡាការិនីបន្ដវេន ។

លោក ម៉ៅ ម៉ុន ប្រធានបច្ចេកទេសវគ្គបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតមូលដ្ឋាននេះ មានសិក្ខាកាមចូលរួមសរុប ៤៥នាក់ មកពីសមាគម/ក្លិបចំនួន ៤៥ផ្សេងគ្នា ដែលបង្រៀនដោយលោកឧត្តមការ៉ាតេចារ្យ ឡាច ច័ន្ទរិទ្ធី ទីប្រឹក្សាគណៈកម្មការបច្ចេកទេសសហព័ន្ធ និងលោកសាស្ដ្រាចារ្យ ដែក ភារៈ ។ ជាលទ្ធផលសិក្ខាកាមទទួលបាននិទ្ទេសល្អ ៣៦នាក់ និងល្អបង្គួរ ៤នាក់ ។

ឆ្លៀតឱកាសនោះ លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំសហព័ន្ធ ដែលបានយកចិត្តទុកដាក់ខ្ពស់ និងជំរុញវិស័យកីឡាការ៉ាតេកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ រហូតសម្រេចបានសមិទ្ធផលជាហូរហែរពីការប្រកួតលើឆាកជាតិ និងអន្ដរជាតិ ពិសេសការដណ្ដើមបានមេដាយសំរឹទ្ធកីឡាអាស៊ី លើកទី១៩ នៅចិន ។

ដូច្នេះតាមរយៈការផលិតបាននូវធនធានគ្រូបង្វឹកថ្មីៗបន្ថែមទៀតនេះ លោកបានជំរុញឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង និងបទពិសោធន៍ទទួលបានពីការរៀនសូត្រ ទៅបង្ហាត់បង្រៀនកីឡាករ-កីឡាការិនីក្មេងៗ តាមក្លិប និងសាលារៀន ដើម្បីសម្រិតសម្រាំងបាននូវធនធានកីឡាករមានទេពកោសល្យ សម្រាប់បន្ដវេន ក៏ដូចជាត្រៀមឆ្ពោះទៅការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ខាងមុខផងដែរ ៕