(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ ស្ពានអាកាសចោមចៅ បានរៀបចំកិច្ចប្រជុំពស្តីពីការរៀបចំកម្មវិធីសង្ក្រាន្ត សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ២០២៤ ក្រោមអធិបតីភាព លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងជាសមាជិក គណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា។

ក្នុងនោះក៏មានការចូលរួមពី ប្រធាន អនុប្រធាន សមាជិក ក្រុមការងារសង្ក្រាន្ត សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង និស្សិតស្ម័គ្រចិត្ត ស.ស.យ.ក​​ ក្នុងគោលបំណង ផ្សព្វផ្សាយបន្ថែម ពីការរៀបចំសង្រ្កាន្តរបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ការប្រមូលថវិកាដែលបានពីការលក់សំបុត្រ ​ដើម្បីបរិច្ចាកទៅកាន់ សមាគមសប្បុរសធម៌ប៊ែលធី ការតាមដានវឌ្ឍនភាពការងារ តាមក្រុមនីមួយៗ ពិភាក្សា និងត្រៀមរៀបចំ កម្មវិធីសង្ក្រាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ២០២៤ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៥-០៦ ខែមេសា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ស្ពានអាកាសចោមចៅ។

យោងតាមរបាយការណ៍របស់ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងជាសមាជិក គណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា បានលើកនៅអង្គប្រជុំថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំធ្វើសង្ក្រាន្តសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ បានចំនួន៣លើក លើកទី១នៅក្នុងឆ្នាំ២០២២ មានអ្នកចូលរួមប្រមាណជាង៦,០០០នាក់ លើកទី២ នៅក្នុងឆ្នាំ២០២៣ មានអ្នកចូលរួមប្រមាណជាង១០,០០០នាក់ និងលើកទី៣ ដែលនឹងធ្វើនៅថ្ងៃទី០៥-០៦ ខែមេសា ឆ្នាំ២០២៤ នាពេលខាងមុខនេះ ដែលគ្រោងចំនួន អ្នកចូលរួមប្រមាណជាង១២,០០០នាក់ ។

ជាក់ស្តែងសង្ក្រាន្តឆ្នាំនេះ សាកលវិទ្យាល័យនឹងមានការរៀបចំពិធីសូត្រមន្ត ប្រោះព្រំ លើករាសី សិរីសួស្តីឆ្នាំថ្មី ការតាំងពិព័រណ៌ស្តង់ ការលក់ម្ហូបអាហារ ការវេចនំខ្មែរ លេងល្បែងប្រជាប្រិយខ្មែរ ការសម្តែងរបាំជូនពរ របាំត្រុដិ ល្ខោនខោល ចាប៉ីដងវែង ល្បុក្កតោ ការរាំចង្វាក់ប្រពៃណីខ្មែរ ការដើរបង្ហាញម៉ូត និងមានការប្រគុំតន្ត្រីពីសំណាក់ តារាចម្រៀងល្បីៗ នៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងនោះ ថវិកាដែលទទួលពីការលក់សំបុត្រនឹងបរិច្ចាកទៅកាន់ សមាគមសប្បុរសធម៌ប៊ែលធី ដើម្បីចូលរួមចំណែកជួយឧបត្ថម្ភ និងសម្រាលការលំបាកដល់ប្រជាជនក្រីក្រ កុមារកំព្រា ជនពិការ ជនចាស់ជរាទីទាល់ក្រ និងគ្មានទីពឹង ជនរងគ្រោះដោយឧបទ្ទវហេតុ និងគ្រោះធម្មជាតិនានា នៅក្នុងសង្គមជាតិ។

លោកបានថ្លែងអំណរគុណចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ ប្រធាន អនុប្រធាន សមាជិក ក្រុមការងារសង្ក្រាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងនិស្សិតស្ម័គ្រចិត្តស.ស.យ.ក. ជាពិសេសសិល្បករ សិល្បការនីទូទាំងប្រទេស ដែលបានអញ្ជើញចូលរួមកម្មវិធីសង្ក្រាន្ត សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ២០២៤​​ នាពេលខាងមុខនេះ ។

បន្ថែមទៀតនេះ លោកបានសំណូមពរឲ្យមានការចូលរួមពីសំណាក់ យុវជន សិស្ស-និស្សិត ប្រជាជនខ្មែរទូទាំងប្រទេស ចូលរួមថែរក្សាទំនៀម ទម្លាប់ប្រពៃណីខ្មែរ ពិធីបុណ្យចូលឆ្នាំថ្មី និងចូលរួមឲ្យបានច្រើនកុះករ ក្នុងកម្មវិធីសង្រ្កាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ដែលនឹងប្រព្រឹត្តថ្ងៃទី ០៥-០៦ ខែមេសា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ ស្ពានអាកាសចោមចៅ៕