(ភ្នំពេញ)៖ ជាស្ថាប័នអប់រំអន្តរជាតិដែលមានការទទួលស្គាល់ពីមាតាបិតាសិស្ស និងជាសហគមន៍មួយដែលមានសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សាចម្រុះជាតិសាសន៍ សាលាអន្តរជាតិ CIA FIRST តែងតែលើកស្ទួយគុណតម្លៃនៃវប្បធម៌ ក្នុងស្មារតីពង្រឹងសាមគ្គីភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់របស់សហ-គមន៍សាលាទាំងមូល ជាក់ស្តែងនាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ សាលាអន្តរជាតិ CIA FIRST បានប្រារព្ធកម្មវិធីវប្បធម៌អន្តរជាតិ ឆ្លុះបញ្ចាំងពីសាមគ្គីភាព និងការគោរពផ្ដល់តម្លៃលើវប្បធម៌ចម្រុះជាតិសាសន៍។

ក្នុងស្មារតីនេះកម្មវិធីទិវាវប្បធម៌អន្តរជាតិត្រូវបានរៀបចំឡើងដើម្បីផ្ដល់ឱកាសពិសេសសម្រាប់ប្អូនៗសិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស អាចចូលរួមអបអរសាទរនូវទំនៀម ទម្លាប់ ព្រមទាំងស្វែងយល់អំពីប្រពៃណីនៃជាតិសាសន៍ដទៃមានដូចជាសម្លៀកបំពាក់ ម្ហូបអាហារ និងរបៀប របបរស់នៅពីវប្បធម៌ផ្សេងៗគ្នា ជុំវិញពិភពលោក។

នៅក្នុងឆ្នាំ២០២៤នេះ ទិវាវប្បធម៌អន្តរជាតិរបស់សាលាអន្តរជាតិ CIA FIRST បានរៀបចំឡើងក្រោមប្រធានបទ៖ «ការធ្វើដំណើរជុំវិញពិភពលោក - Journey around the World» នៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ សម្រាប់ទីតាំងវិទ្យាល័យអន្តរជាតិ CIA FIRST (លើផ្លូវឌួងងៀបទី៣) និងថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ សម្រាប់ទីតាំងសាលាអន្តរជាតិ CIA FIRST សែនសុខ (លើផ្លូវ២០០៤)។

តំណាងគណៈកម្មការរៀបចំកម្មវិធីបានបញ្ជាក់ថានៅក្នុងដំណើរការកម្មវិធីទាំងមូល បុគ្គលិកសិក្សានិង ប្អូនៗសិស្សានុសិស្សត្រូវបែងចែកឱ្យទទួលខុសត្រូវ និងធ្វើជាតំណាងប្រទេសរហូតដល់ ៤២ ប្រទេស ហើយនៅក្នុងស្តង់តំណាងប្រទេសនីមួយៗ បុគ្គលិកសិក្សា និងប្អូនៗបានបង្ហាញអំពីវប្បធម៌ វត្ថុបុរាណតំណាងវប្បធម៌ ព្រមទាំងល្បែងប្រជាប្រិយនៃវប្បធម៌ឬប្រទេសដែលពួកគេតំណាងផងដែរ។

តាមរយៈសកម្មភាពវប្បធម៌ដ៏សម្បូរបែបនេះ អ្នកចូលរួមទាំងអស់អាចទទួលបាននូវចំណេះដឹងវប្បធម៌ថ្មីៗ និងទទួលបានភាពសប្បាយរីក រាយតាមរយៈការប្រើប្រាស់លិខិតឆ្លងដែន ដែលសាលាបានរៀបចំ ដើម្បីធ្វើដំណើរពីស្តង់ប្រទេសមួយ ទៅស្តង់ នៃប្រទេសមួយទៀត ប្រៀបបីដូចជាការធ្វើដំណើរជាក់ស្ដែងទៅបណ្ដាទាំងនោះដូច្នោះដែរ។ បន្ថែមលើនេះបុគ្គលិកសាលាក៏បានរៀបចំការដើរក្បួនបង្ហាញសម្លៀកបំពាក់ប្រពៃណីតំណាងវប្បធម៌ ព្រមទាំងមានការលក់ ម្ហូបអាហាររបស់សិស្សកម្រិតវិទ្យាល័យ និងការសម្ដែងសិល្បៈជាច្រើនទៀតផងដែរ។

កម្មវិធីវប្បធម៌អន្តរជាតិ CIA FIRST សាខាសែនសុខ បានបញ្ចប់ដោយជោគជ័យ ហើយបានរួមចំណែកលើកកម្ពស់ការយល់ដឹងមួយកម្រិតទៀតអំពីវប្បធម៌ក្នុងចំណោមប្អូនៗសិស្សានុសិស្ស និងមាតាបិតា អ្នកអាណាព្យាបាលសិស្សផងដែរ៕