(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) រួមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិ និងក្រុមការងារ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នេះ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត បណ្ដេញឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសី នាំសិរីសួស្ដីជូនដល់ថ្នាក់ដឹកនាំ គណៈកម្មាធិការប្រិតបត្តិ និងក្រុមការងារ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ដែលនឹងឈានចូលមកដល់នាថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ។

ពិធីនេះ បានប្រារព្ធធ្វើនៅទីស្នាក់ការ NOCC ទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃ ៥អង្គ សូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល ដើម្បីជំរះនូវឧបទ្រុបចង្រៃ ក្នុងឆ្នាំចាស់ និងទទួលយកនូវសិរីសួស្តីឆ្នាំថ្មី និងសូមទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់ថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការប្រតិបត្តិ និងគ្រួសារកីឡាជាតិ សូមទទួលបានជោគជ័យថ្មីៗបន្ថែមទៀត នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ពិសេសបេសកកម្មចូលរួមប្រកួតលើឆាកអន្ដរជាតិនានា ។

ឆ្លៀតឱកាសនោះដែរ ដូចសព្វមួយដង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានកោះអញ្ជើញព្រឹទ្ធាចារ្យកីឡាចាស់ៗដែលជាអតីតគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ដែលធ្លាប់តស៊ូប្រកួតប្រជែងលើកកិត្តិយសជាតិ និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា ចូលរួមពិធីសូត្រមន្តចម្រើនព្រះបរិត្ត ហើយលោកទេសរដ្ឋមន្ដ្រី ថោង ខុន ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ព្រឹទ្ធាចារ្យកីឡាចាស់ៗ សម្រាប់ជាការលើកទឹកចិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នេះផងដែរ ៕