(តួក្យូ)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានសម្រេចកាត់ឱ្យសាម៉ូរៃជប៉ុន ឈ្នះក្រុមជម្រើសជាតិកូរ៉េខាងជើងក្នុងលទ្ធផល ៣-០ ដោយសារកូរ៉េខាងជើងបានលុបចោលការប្រកួតក្នុងជើងទី២ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៃវគ្គជម្រុះ World Cup 2026 ជុំទី២ ប្រចាំតំបន់អាស៊ី។

នៅចាំបានថា ជប៉ុនបានយកឈ្នះគូប្រជែងកូរ៉េខាងជើងត្រឹម ១-០ កាលពីជើងទី១ នៃវគ្គសន្សំពិន្ទុប្រចាំពូល B ដែលត្រូវបានធ្វើឡើងក្នុងកីឡដ្ឋានស្ថិតក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី២១ ខែមីនា មុនពេលត្រូវលេងជើងទី២ ក្នុងកីឡដ្ឋានជាតិស្ថិតក្នុងទីក្រុង Pyongyang របស់កូរ៉េខាងជើងវិញសម្រាប់ជើងទី២ នាថ្ងៃទី២៦ នៃមីនាដែលត្រូវបានលុបចោល។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

មុនឈានដល់ការលុបចោលនេះដែរ កូរ៉េខាងជើងធ្លាប់បានស្នើឱ្យមានការប្រកួតនៅដែនដីអព្យាក្រឹត្យ ដោយសារតែព្រួយបារម្ភពីជំងឺឆ្លងដែលបានកំពុងរាតត្បាតនៅជប៉ុន គ្រាដែលកន្លងមក FIFA ធ្លាប់បាននិយាយថា ការប្រកួតដែលនឹងធ្វើឡើងនៅថ្ងៃអង្គារ ទី២៦ ខែមីនានៅ Pyongyang នោះ នឹងមិនត្រូវបានពន្យារពេលទេ។

យ៉ាងណាក៏ដោយ សហព័ន្ធបាល់ទាត់ជប៉ុន JFA ដែលបានទទួលការជូនដំណឹងពីគណៈកម្មាធិការវិន័យ FIFA ក្នុងការទទួលបាន ៣ពិន្ទុបន្ថែម ដោយពុំបានឆ្លងកាត់ប្រកួតផងនោះបានចាត់ទុកថា ក្រុមកីឡាកររបស់ពួកគេបានបាត់បង់ឱកាសលេង ក៏ប៉ុន្តែបានមើលឃើញពីចំណុចវិជ្ជមានក្នុងដំណើរឆ្ពោះទៅមុខបន្តទៀតសម្រាប់ពួកគេ។ នេះបើតាមការបញ្ជាក់របស់លោក Hajimke Moriyasu គ្រូបង្វឹកក្រុមជប៉ុន៕