(ភ្នំពេញ)៖ អ្នកលេងគុនខ្មែរ ចាន់ រចនា នឹងឡើងសង្វៀនគុនខ្មែរឡើងវិញ បន្ទាប់ពីខកខានជាង ២ឆ្នាំ ជាមួយមហាព្រឹត្តិការណ៍ WURKZ សេនាគុនខ្មែរយ័ន្ត ៨ទិស ក្នុងកម្មវិធីជំនួបស្តេចនាគទាំង ៤(4Men Marathon) ខណៈកីឡាករ ធឿន ធារ៉ា បានទទួលស្វាគមន៍ការសងសឹករបស់កីឡាករបេឡារុស Nikita Gerasisimovich នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នេះ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។

លោក ថមមី គីម តំណាងស្ថាប័ន IPCC ប្រចាំនៅកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី៣០ ខែមីនថា នេះគឺជាកម្មវិធីដ៏ធំ ដែលប្រជុំដោយកីឡាករជើងជាច្រើន ពិសេសអ្នកលេងគុនខ្មែរលំដាប់ប្រទេស តាមប្រភេទទម្ងន់នីមួយៗ ក្នុងនោះកម្មវិធីថ្មី 4Men Marathon នឹងមានកីឡាករជើងខ្លាំង ៤រូប ត្រូវជួបគ្នាដណ្ដើមខ្សែក្រវាត់ ដែលមានកីឡាករ ចាន់ រតនា តំណាងកម្ពុជា, កីឡាករចិន Ke Jing Jun, កីឡាករម៉ុងហ្គោលី Baterdene Namjilmaa និងកីឡាករសញ្ជាតិខ្មែរ សែន ច័ន្ទរិទ្ធីស័ក្ដិ ដែលត្រូវជំនួសកីឡាករមីយ៉ាន់ម៉ា Aem We ដោយមានបញ្ហាក្នុងប្រទេសមិនអាចចូលរួមបាន ។

ជាលទ្ធផលសម្រាប់ការចាប់ឆ្នោតប្រកួតម៉ារ៉ាតុងនេះដែរ អ្នកលេងគុនខ្មែរ ចាន់ រតនា ដែលខកខានឡើងសង្វៀនគុនខ្មែរជាង ២ឆ្នាំ នឹងត្រូវប្រកួតជុំទី១ ជាមួយកីឡាករចិន Ke Jing Jun និងកីឡាករ សែន ច័ន្ទរិទ្ធីស័ក្ដិ ត្រូវជួបកីឡាករម៉ុងហ្គោលី Baterdene Namjilmaa ។

ក្រៅពីកម្មវិធីប្រកួត 4Men Marathon ក៏មានកីឡាករលំដាប់ប្រទេសជាច្រើន ត្រូវទទួលអ្នកលេងឆ្លងដែនមកពីបណ្ដាប្រទេសផ្សេងៗ នៅក្រុងតាខ្មៅ នារាត្រីនេះផងដែរ ពិសេសកីឡាករ ធឿន ធារ៉ា ដែលនឹងត្រូវជួបសងសឹកជាមួយកីឡាករ Nikita Gerasisimovich បន្ទាប់ពីកីឡាករបេឡារុសរូបនេះ ចាញ់អ្នកលេងពូថៅដៃ ត្រឹមទឹកទី២ ដោយអាជ្ញាកណ្ដាលបញ្ឈប់ទាំងមិនអស់ចិត្ត កាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅ ។

តាមរយៈការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍ថ្មីៗ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាប្រដាល់គុនខ្មែរឲ្យឈានដល់កម្រិតពិភពលោក ។ ក្នុងនាមអាជ្ញាធរកីឡា លោកក៏បានប្ដេជ្ញានឹងខំប្រឹងជំរុញមន្ដ្រីអាជ្ញាកណ្ដាល-ចៅក្រមរបស់ខ្លួន ក្នុងការកាត់សេចក្ដីប្រកបដោយយុត្តិធម៌ដល់កីឡាករគ្រប់រូបផងដែរ ៕