(ម៉ូនិច)៖ លោក Thomas Tuchel អ្នកចាត់ការទូទៅក្លិបខ្លារខិន Bayern Munich បានទទួលស្គាល់ពីការបាត់បង់ឱកាសក្នុងការការពារពានលីគអាល្លឺម៉ង់ Bundesliga សម្រាប់រដូវកាលនេះហើយ ក្រោយពេលក្រុមរបស់លោកបានរងបរាជ័យ ២ទល់នឹង០ ក្រោមថ្វីជើងរបស់ Borussia Dortmund នាយប់មិញនេះ។

ជាមួយគ្នានោះ បុរសសញ្ជាតិអាល្លឺម៉ង់រូបនេះ ក៏បានធ្វើការធ្វើការអបអរសាទរដល់ Bayer Leverkusen ដែលមានលោក Xabi Alonso ដឹកនាំ ក្នុងការឈ្នះជើងឯកនារដូវកាលឆ្នាំ២០២៣-២០២៤ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ពួកគេដែរ ដែលបានកំពុងនាំមុខកំពូលដាច់ដល់ទៅ ១៣ពិន្ទុឯណោះនាពេលនេះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ការបំប៉ោងសំណាញ់ទី ២គ្រាប់ពីសំណាក់កីឡាករ Karim Adeyemi និង Julian Ryerson គឺជាជ័យជម្នះលើកដំបូងរបស់ Dortmund ទៅលើក្រុមខ្លាំង Bayern ក្នុងជំនួប Der Klassiker គិតចាប់តាំងពីឆ្នាំ២០១៩ មកក្នុងកីឡដ្ឋាន Allianz Arena ដែលជាទឹកដីរបស់ Bayern Munich បើកផ្លូវឱ្យក្រុមលេងមិនទាន់ចាញ់ Leverkusen នាំមុខកំពូលដាច់ ១៣ពិន្ទុ ដោយពួកគេបានយកឈ្នះ Hoffenheim កាលពីក្បាលព្រលប់ថ្ងៃសៅរ៍ ដ្បិតនៅសល់ ៧ប្រកួតទៀតបិទរដូវកាល។

លោក Tuchel បានថ្លែងក្នុងសន្និសីទថា «ការប្រកួតប្រជែងពាន Bundesliga របស់ Bayern សម្រាប់រដូវកាលនេះ ត្រូវបានបញ្ចប់ហើយ។ ក្រោយពីការប្រកួតថ្ងៃនេះទៅ ពិន្ទុលែងសូវសំខាន់ទៀតហើយ ថាតើពួកយើងត្រូវការពិន្ទុប៉ុន្មានទៀត? សូមចូលរួមអបអរសាទរដល់ Leverkusen ផង»៕