(ភ្នំពេញ)៖ នៅក្នុងអត្ថបទលើកនេះ ប្រធានបទស្តីពី «ការចាត់ចែងទ្រព្យសម្បត្តិក្រោយពេលធ្វើបណ្តាំមត៌ក» នឹងត្រូវលើកយកមកធ្វើបំណកស្រាយវិញម្តង ដើម្បីធ្វើការបំពេញបន្ថែមទៅលើអត្ថបទលើកមុន ។ គួររំឭកថា ជាគោលការណ៍ បណ្តាំមត៌កត្រូវបង្កើតអានុភាព ចាប់ពីពេលដែលម្ចាស់បណ្តាំបានទទួលមរណភាព មានន័យថា ទ្រព្យសម្បត្តិដែលបានកំណត់នៅក្នុងបណ្តាំមត៌ក នឹងធ្លាក់ទៅលើបុគ្គលដែលម្ចាស់បណ្តាំបានកំណត់ទុកជាមុននោះ ក្រោយមរណភាពរបស់ម្ចាស់បណ្តាំ លើកលែងតែបណ្តាំមត៌កនោះមានលក្ខខណ្ឌបង្អង់ដែលត្រូវបំពេញ ដែលតាមរយៈនេះ បណ្តាំមត៌កនោះនឹងមានអានុភាពចាប់ពីពេលដែលល័ក្ខខ័ណ្ឌត្រូវបានបំពេញ ។

ហេតុដូច្នេះ ក្រោយពេលធ្វើបណ្តាំមត៌ករួចរាល់ និងខណៈពេលដែលម្ចាស់បណ្តាំនៅមានជីវិតនៅឡើយ តើបុគ្គលនេះនៅមានសិទ្ធិលើទ្រព្យសម្បត្តិរបស់ខ្លួនដែលមានកំណត់នៅក្នុងបណ្តាំមត៌កដែរឬទេ? ប្រសិនបើម្ចាស់បណ្តាំនៅតែមានសិទ្ធិលើទ្រព្យសម្បត្តិទាំងនោះ តើបុគ្គលនេះអាចចាត់ចែងទ្រព្យសម្បត្តិទាំងនោះបានដោយវិធីណា? មួយវិញទៀត តើវានឹងបង្កើតឱ្យមានអានុភាពដូចម្តេច ប្រសិនបើម្ចាស់បណ្តាំបានធ្វើការចាត់ចែងទ្រព្យសម្បត្តិទាំងនោះ?

សម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយវិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកនូវប្រធានបទស្តីពី «ការចាត់ចែងទ្រព្យសម្បត្តិក្រោយពេលធ្វើបណ្តាំមត៌ក» មកធ្វើការបកស្រាយចម្ងល់ ជូនសាធាណជន និងសិស្ស និសិ្សត ដូចខាងក្រោម។

ផ្អែកតាមបទពិសោធន៍អនុវត្តជាក់ស្តែងកន្លងមក បុគ្គលដែលមានបំណងឬបានធ្វើបណ្តាំមត៌ក ក៏ដូចជា បុគ្គលដែលសន្មតថាជាទាយាទឬមានឈ្មោះនៅក្នុងបណ្តាំមត៌ក ជានិច្ចកាលនៅមានការយល់ច្រឡំ ឬមិនទាន់យល់ច្បាស់ អំពីហេតុដែលនឹងកើតមានឡើងក្រោយពេលធ្វើបណ្តាំមត៌កនៅឡើយ ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពលើការចាត់ចែងទ្រព្យសម្បត្តិដែលមានកំណត់នៅក្នុងបណ្តាំមត៌ក ។

តាមពិតទៅ ច្បាប់មិនបានហាមឃាត់ ឬរឹតត្បិតនូវសិទ្ធិសេរីភាពរបស់ម្ចាស់បណ្តាំ ក្នុងការចាត់ចែងលើទ្រព្យសម្បត្តិរបស់ខ្លួន ក្រោយពេលធ្វើបណ្តាំមត៌ករួចរាល់ជាស្ថាពរនោះទេ។ មានន័យថា ក្រោយពេលដែលបណ្តាំមត៌កត្រូវបានធ្វើឡើងរួចរាល់ (ទោះបីធ្វើឡើងដោយម្ចាស់បណ្តាំផ្ទាល់ ឬដោយបុគ្គលដែលច្បាប់អនុញ្ញាតឱ្យធ្វើ
បណ្តាំមត៌ក មានដូចជា សារការី ជាអាទិ៍) ម្ចាស់បណ្តាំនៅរក្សាសិទ្ធិពេញលេញក្នុងការចាត់ចែង ឬ ផ្ទេរទ្រព្យសម្បត្តិរបស់ខ្លួនដែលមានកំណត់នៅក្នុងបណ្តាំមត៌កនោះ ឱ្យទៅបុគ្គលណាមួយ ដោយសេរី និងដោយគ្មានការរឹតត្បិតណាមួយឡើយ ។ ការចាត់ចែង ឬ ផ្ទេរទ្រព្យសម្បត្តិ ដូចបានរៀបរាប់ខាងលើ អាចជាការលក់ ដូរ ឬធ្វើអំណោយ ជាអាទិ៍ ទោះដោយយក ឬមិនយកតម្លៃថ្នូរ ។

ក្រៅពីនេះ ចំពោះបុគ្គលដែលនឹងត្រូវទទួលទ្រព្យសម្បត្តិតាមបណ្តាំមត៌កវិញ គឺពុំមានសិទ្ធិណាមួយតាមផ្លូវច្បាប់ ក្នុងការទាមទារទៅម្ចាស់បណ្តាំឱ្យប្រគល់ ឬផ្ទេរមកឱ្យខ្លួន នូវទ្រព្យសម្បត្តិដែលមានកំណត់នៅក្នុងបណ្តាំមត៌ក ខណៈពេលដែលម្ចាស់បណ្តាំនៅរស់រានមានជីវិតឡើយ។ ដើម្បីជាការបញ្ជាក់ ផ្អែកតាមការរៀបរាប់ខាងលើនេះ ម្ចាស់បណ្តាំពុំត្រូវបានច្បាប់តម្រូវ ឬចាប់បង្ខំឱ្យប្រគល់ ឬផ្ទេរនូវទ្រព្យសម្បត្តិដល់បុគ្គលដែលទាមទារនោះ ស្របទៅតាមខ្លឹមសារនៃបណ្តាំមត៌កដែលខ្លួនបានធ្វើឡើងរួចរាល់ឡើយ។ ទោះជាយ៉ាងនេះក្តី ម្ចាស់បណ្តាំអាចពិចារណាលើករណីនេះបាន ដោយខ្លួនអាចសម្រេចចិត្តក្នុងការប្រគល់ ឬផ្ទេរនូវទ្រព្យសម្បត្តិនោះភ្លាមៗ ដល់បុគ្គលដែលទាមទារនោះ តាមរយៈការធ្វើអំណោយ ជាអាទិ៍ ខណៈពេលដែលខ្លួនមិនទាន់ទទួលមរណភាព តាមដែលខ្លួនយល់ឃើញថាសមរម្យ។ ការសម្រេចចិត្តធ្វើបែបនេះដោយម្ចាស់បណ្តាំ អាចមានមូលហេតុផ្សេងៗដោយអាស្រ័យទៅតាមករណីជាក់ស្តែងរបស់គ្រួសារនីមួយៗ ដែលមូលហេតុនោះអាចជាការនាំឱ្យជម្លោះវិវាទដែលកំពុងកើតមានឡើងត្រូវបានបញ្ចប់ ឬអាចរក្សាបាននូវស្ថិរភាពនៃទំនាក់ទំនងរវាងសមាជិកគ្រួសារ ជាដើម ។

គួរបញ្ជាក់ថា ប្រសិនបើម្ចាស់បណ្តាំបានធ្វើការប្រគល់ ឬ ផ្ទេរនូវទ្រព្យសម្បត្តិដែលមានកំណត់នៅក្នុងបណ្តាំមត៌ក នាពេលនៅរស់ ទោះតាមរយៈការលក់ទិញក្តី ឬ ធ្វើអំណោយឱ្យទៅបុគ្គលដែលមានឈ្មោះ ឬ គ្មានឈ្មោះនៅក្នុងបណ្តាំមត៌កក្តី ជាអាទិ៍ ត្រូវចាត់ទុកថា ម្ចាស់បណ្តាំនោះបានលុបចោលបណ្តាំមត៌ក ចំពោះផ្នែកដែលបានប្រគល់ ឬ ផ្ទេរនោះ។ ដោយឡែក ចំពោះទ្រព្យសម្បត្តិផ្សេងទៀតដែលមិនត្រូវបានចាត់ចែងដោយម្ចាស់បណ្តាំទេ គឺមិនទទួលរងផលប៉ះពាល់អ្វីឡើយ មានន័យថា ទ្រព្យសម្បត្តិនោះ គឺនៅរក្សាជាកម្មសិទ្ធិរបស់ម្ចាស់បណ្តាំដដែល ដរាបណាម្ចាស់បណ្តាំនៅរស់រានមានជីវិត និងក្លាយជាកម្មវត្ថុនៃមត៌កចាប់ពីពេលដែលម្ចាស់បណ្តាំបានទទួលមរណភាព៕

រៀបរៀងដោយ លោក វ៉ៃ ភីរក្ស ទីប្រឹក្សាច្បាប់ និងជាអ្នកបណ្តុះបណ្តាលនៃវិភាគទានច្បាប់