(ភ្នំពេញ)៖ ភាពជឿនលឿនផ្នែកវេជ្ជសាស្រ្ដ និងបច្ចេកវិទ្យាក្នុងការថែទាំជំងឺមហារីក កំពុងពន្លឿនការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ធ្វើឱ្យអ្នកជំងឺមហារីកអាចផ្លាស់ប្តូរជីវិតរបស់ពួកគេបន្តដំណើរទៅមុខជាមួយនឹងឱកាសនៃក្តីសង្ឃឹមកាន់តែច្រើនក្នុងការព្យាបាលជោគជ័យ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង ស្របជាមួយបច្ចេកវិទ្យាដ៏ជឿនលឿននេះ​ គ្រូពេទ្យឯកទេសផ្នែកថែទាំជំងឺមហារីក បានធ្វើការចែករំលែកពីវិធីការពារ និងថែទាំជំងឺមហារីកកម្រិតខ្ពស់តាមស្តង់ដារអន្តរជាតិ ដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់ផងដែរ។

លើកឡើងនៅក្នុងសិក្ខាសាលាស្តីពី ការថែទាំជំងឺមហារីកកម្រិតខ្ពស់ និងការពិគ្រោះជំងឺដោយឥតគិតថ្លៃ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Thiravud Khuhaprema នាយកមន្ទីរពេទ្យមហារីកបាងកក វ៉ាត់ថាណូសុត បានឱ្យដឹងថា ជំងឺមហារីកភាគច្រើនគឺកើតឡើងដោយសារការឆ្លងមេរោគ និងការរស់នៅមិនស្អាត ហើយបើផ្អែកលើស្ថិតិមួយវិភាគកាលពីឆ្នាំ២០២២ ដែលបានបង្ហាញដោយ WHO មហារីកថ្លើម សួត និងសុដន់ គឺជាជំងឺបានកើតឡើងទាំងបុរសនិងស្រី្ត ចំពោះប្រជាជនកម្ពុជា។ ក្រៅពីមហារីកទាំងនេះ មហារីកពោះវៀនធំ ក៏ជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណោមជំងឺមហារីកទូទៅចំនួន៥ ដែលមានផលប៉ះពាល់ដល់ប្រជាជនទូទៅទាំង ២ភេទ។

បច្ចុប្បន្ននេះភាពជឿនលឿនផ្នែកវេជ្ជសាស្ត្រ ផ្នែកមហារីកបានបង្កើនល្បឿននៃការផ្លាស់ប្តូរ ដោយអាចផ្តល់នូវឱកាសនៃការព្យាបាលកាន់តែជោគជ័យ តាមរយៈគ្រប់វិធីព្យាបាលរាប់ចាប់ពីការវះកាត់ ការព្យាបាលដោយវិទ្យុសកម្ម ការព្យាបាលដោយប្រើគីមី រហូតដល់ជម្រើសប្រកបដោយភាពច្នៃប្រឌិត។ ការព្យាបាលដោយគោលដៅ និងការព្យាបាលដោយភាពស៉ាំ។ ទីតាំងសម្រាប់ការព្យាបាលមាននៅទីស្នាក់ការកណ្តាលមន្ទីរពេទ្យបាងកក មន្ទីរពេទ្យមហារីកបាងកក វ៉ាត់ថាណូសុត ជាមន្ទីរពេទ្យផ្នែកជំងឺមហារីកឯកជនដំបូងគេក្នុងប្រទេសថៃ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧។

លោកបានបន្ថែមថា មន្ទីរពេទ្យមហារីកបាងកក វ៉ាត់ថាណូសុត មិនត្រឹមតែបម្រើឱ្យអ្នកជំងឺក្នុងស្រុកទេ អ្នកជំងឺអន្តរជាតិភាគច្រើនរួមមាន៖ អ្នកជំងឺកម្ពុជា មីយ៉ាន់ម៉ា ជប៉ុន អារ៉ាប់ និងបង់ក្លាដែស ក៏ដូចជាជនជាតិភាគខាងលិច។ សម្រាប់អ្នកជំងឺកម្ពុជាបានផ្តល់ជូននូវសេវាអ្នកជំងឺ ៣៦០ដឺក្រេ រួមទាំងអ្នកបកប្រែជនជាតិដើម អ្នកសម្របសម្រួលក្នុងករណី គិលានុបដ្ឋាយិកាកម្ពុជា និងបញ្ជរសេវាវេជ្ជសាស្រ្ដកម្ពុជា ដើម្បីជួយសម្រួលគ្រប់ជំហាននៃការរៀបចំផ្នែកវេជ្ជសាស្ត្រ និងមិនមែនវេជ្ជសាស្ត្រ។ ជាមួយនឹងអ្នកជំនាញមានបទពិសោធន៍ជាច្រើនឆ្នាំ យើងបានដាក់ពង្រាយគោលគំនិតនៃការថែទាំជំងឺមហារីកកម្រិតខ្ពស់ ក្នុងគោលបំណងកាត់បន្ថយអត្រាមរណភាព និងផលវិបាកដែលពាក់ព័ន្ធដែលនាំមកដោយជំងឺមហារីក ធ្វើឱ្យការព្យាបាលទទួលបានគុណភាពអ្នកជំងឺមានភាពប្រសើរឡើង។

អ្នកជំងឺទទួលបានសេវារួមបញ្ជូលដោយរាប់ចាប់ពីការពិនិត្យ និងបង្ការ ការធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវដោយប្រើបច្ចេកវិជ្ជាទំនើបបំផុត រហូតដល់ការព្យាបាលប្រកបដោយប្រសិទ្ធភាព ជាមួយនឹងការជាសះស្បើយពេញលេញ ទាំងផ្នែករាងកាយ និងអារម្មណ៍។ លើសពីនេះដោយសារតែភាពជឿនលឿននៃវេជ្ជសាស្ត្រភាពជាក់លាក់ អ្នកជំងឺអាចធានាបានថា ការព្យាបាលរបស់ពួកគាត់នឹងទទួលបានលក្ខណៈផ្ទាល់ខ្លួន ដោយផ្អែកលើទម្រង់ហ្សែនតែមួយគត់របស់ពួកគេដោយប្រើដំណាក់កាលបន្តបន្ទាប់គ្នាពី ១ជំហានទៅ ១ជំហាន។

លោកវេជ្ជបណ្ឌិត Wutthi Sumetchotimaytha ជាគ្រូពេទ្យខាងផ្នែកវះកាត់ជំងឺមហារីក បានចង្អុលបង្ហាញថា ទោះបីជាជំងឺមហារីកពោះវៀនធំត្រូវបានរកឃើញជាញឹកញាប់ចំពោះមនុស្សដែលមានអាយុលើសពី ៥០ឆ្នាំក៏ដោយ ក៏និន្នាការនៃជំងឺមហារីកពោះវៀនធំដែលត្រូវបានធ្វើរោគវិនិច្ឆ័យនៅវ័យក្មេងមានការកើនឡើង ដោយសារកត្តាទាក់ទងនឹងរបៀបរស់នៅ។ ក្រៅពីមនុស្សចាស់អ្នកដែលមានហានិភ័យនៃជំងឺមហារីកពោះវៀនធំ គឺជាអ្នកដែលមានប្រវត្តិផ្ទាល់ខ្លួននៃដុំពកពោះវៀនធំ ជំងឺរលាកពោះវៀន និងប្រវត្តិគ្រួសារនៃជំងឺមហារីកពោះវៀន ព្រមទាំងអ្នកដែលមានទម្លាប់មិនល្អ ដូចជា ផឹកស្រា ធាត់ និងជក់បារី។

ជំងឺមហារីកពោះវៀនធំជារឿយៗមិនមានរោគសញ្ញានៅដំណាក់កាលដំបូងទេ សញ្ញាព្រមានទូទៅរួមមាន ការមិនស្រួលក្នុងពោះ ការហូរឈាមតាមរន្ធគូថ និងការផ្លាស់ប្តូរទម្លាប់ពោះវៀន។ នីតិវិធីចម្បងដែលប្រើសម្រាប់ការធ្វើរោគវិនិច្ឆ័យមហារីកពោះវៀនធំ គឺការឆ្លុះពោះវៀនធំដោយប្រើបំពង់វែង បត់បែន និងស្តើងភ្ជាប់ទៅនឹងកាមេរាវីដេអូ និងម៉ូនីទ័រដើម្បីមើលពោះវៀនធំ និងរន្ធគូថទាំងមូល។ ក្នុងករណីខ្លះការធ្វើកោសល្យវិច័យដើម្បីយកគំរូនៃជាលិកាសម្រាប់ការវាយតម្លៃរោគសាស្ត្រ គឺត្រូវបានទាមទារបន្ថែមទៀត។លោកស្រីវេជ្ជបណ្ឌិត Piyada Sitthideatphaiboon ជាគ្រូពេទ្យឯកទេសខាងជំងឺមហារីក នៅមន្ទីរពេទ្យមហារីកបាងកក វ៉ាត់ថាណូសុត បានលើកឡើងថា យោងតាមអង្គការសុខភាពពិភពលោក ជំងឺមហារីកសួតរហូតមកដល់ពេលនេះ គឺជាមូលហេតុនាំមុខគេនៃការស្លាប់ដោយសារជំងឺមហារីកនៅទូទាំងពិភពលោក។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា ក្រៅពីមហារីកថ្លើម និងសុដន់ មហារីកសួត គឺជាមហារីកដែលកើតមានញឹកញាប់បំផុតក្នុងចំណោមប្រជាជនកម្ពុជា។ ទោះបីជាការជក់បារី រួមទាំងផ្សែងបារី បណ្តាលឱ្យមានជំងឺមហារីកសួតភាគច្រើនក៏ដោយកត្តាហានិភ័យដែលអាចកើតមានផ្សេងទៀតគឺការប៉ះពាល់ទៅនឹងឧស្ម័ន radon អាបស្តូស និងសារធាតុបង្កមហារីកផ្សេងទៀតក៏ដោយ៕