(ឡុងដ៏)៖ ក្រុមហង្សក្រហម Liverpool បានឡើងទៅនាំមុខកំពូលតារាងលីគអង់គ្លេស Premier League វិញ ក្រោយពេលដែលយកបាន ៣ពិន្ទុពីក្រុម Brighton ដែលយកឈ្នះ ២-១ ជាមួយលទ្ធផលកាំភ្លើងធំ Arsenal លេងស្មើគ្នាជាមួយ Manchester City ដោយគ្មានគ្រាប់ស៊ុតក្នុងសប្តាហ៍ទី២៩ របស់ពួកគេក្នុងការប្រជែងពានលីគរដូវកាលនេះ។

គិតត្រឹម ៤ក្រុមកំពូលតារាងពេលនេះ Liverpool រកបាន ៦៧ពិន្ទុនាំមុខក្រុម Arsenal ២ពិន្ទុ ហើយក្រុមការពារតំណែងជើងឯក Man City ឈរលេខរៀងទី៣ រកបាន ៦៤ពិន្ទុ ខណៈក្រុម Aston Villa ឆ្លងកាត់ ៣០ប្រកួតមុនគេឈរលេខ៤ រកបាន ៥៩ពិន្ទុ ក្នុងតំណែងអាចនឹងរក្សាកៅអីលេងពាន UEFA Champions League រដូវកាលក្រោយដោយនៅសល់តែ ៩ នឹង ៨ប្រកួតត្រូវបញ្ចប់រដូវកាលនេះ។

សូមជម្រាប់ថា ក្រុមបាតតារាងគិតត្រឹមពេលនេះ មានក្រុម Luton Town ឈរលេខ១៨ រកបាន ២២ពិន្ទុស្មើជាមួយ Nottingham Forest ដែលឈរលេខ១៧ តែខុសគ្នានៅត្រង់គ្រាប់ស៊ុត នឹងចំនួនចាញ់ ខណៈដែល Burnley រកបាន ១៨ពិន្ទុ ហើយក្រុម Sheffield United រកបាន ១៥ពិន្ទុ។

បញ្ជាក់ផងថា នៅជិតបញ្ចប់រដូវកាលនេះ កីឡាករ Erling Haaland កំពុងនាំមុខគេ ១៨គ្រាប់ច្រើនជាងគេ តាមពីក្រោយដោយកីឡាករ Ollie Watkins , Solanke និង Salah ដែលរកបាន ១៦គ្រាប់ស្មើគ្នាផងដែរ នៅការប្រជែងតំណែងម្ចាស់ស្បែកជើងមាសប្រចាំរដូវកាល៕