(បរទេស)៖ ក្រុមហ៊ុន Xiaomi បានប្រកាសថា រថយន្តជំនាន់ថ្មីរបស់ខ្លួន Xiaomi SU7 ដែលបានប្រកាសចេញជាផ្លូវការនោះ មានការបញ្ជាទិញរហូតដល់ចំនួន ៨៨,៨៩៨គ្រឿង ក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីការចេញលក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Car News China។

ការបើកបរសាកល្បងបានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅក្នុងប្រទេសចិន នៅក្នុងហាងចំនួន ៥៩កន្លែង នៅក្នុងទីក្រុងចំនួន២៩ទូទាំងប្រទេស ដែលសុទ្ធសឹងតែជាទីតាំងប្រមូលផ្តុំមនុស្សច្រើនកុះកររស់នៅ។ អតិថិជនដែលដាក់ប្រាក់កក់ត្រូវបង់ប្រាក់ ដើម្បីចាក់សោរថយន្តរបស់ពួកគេគឺ ៥,០០០យន់ (៨៥០ដុល្លារ)។ តាមការចេញផ្សាយបានឲ្យដឹងថា រថយន្តអគ្គិសនី SU7 នេះ គឺមានការផលិតដោយក្រុមហ៊ុន BAIC។ យោងតាមការបញ្ជាក់របស់ក្រសួឧស្សាហកម្ម និងព័ត៌មានវិទ្យារប្រទេសចិន បានបញ្ជាក់ថា Xiaomi SU7 នឹងបន្តផលិតដោយក្រុមហ៊ុន BAIC Off-road Vehicle Co., ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BAIC ដែលមានរោងចក្រធំនៅក្នុងទីក្រុងប៉េកាំងផ្ទាល់តែម្តង។

ងាកមករោងចក្រផលិតរថយន្តអគ្គិសនីរបស់ Xiaomi គឺបានចាប់ផ្តើមសាងសង់កាលពីខែមេសាឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់នៅខែមិថុនាឆ្នាំមុន។ ស្របពេលជាមួយគ្នានេះក្រុមហ៊ុន Xiaomi ក៏បានចាប់ផ្តើមស្នើរអជ្ញាប័ណ្ណលក់រថយន្តអគ្គិសនី SU7 កាលពីខែវិច្ឆិកាឆ្នាំមុនដួចគ្នា ដោយកំឡុងពេលនោះ ក្រុមហ៊ុននេះ ក៏បានធ្វើការផលិតសាល្បងទៅលើរថយន្តនេះនៅមួយខែបន្ទាប់ផងដែរ។ រោងច្រក Xiaomi Beijing plant នេះ គឺមានសមត្ថភាពអាចផលិតរថយន្តបាន ១៥០,០០០គ្រឿង សម្រាប់ជំហានដំបូង ខណៈដែលជំហានបន្ទាប់គឺនឹងធ្វើឲ្យបាន ៣០០,០០០គ្រឿង។ ក្រុមហ៊ុននេះមានរយៈពេល ៨ខែប៉ុណ្ណោះ សម្រាប់ការផលិតនៅឆ្នាំ២០២៤នេះ ដោយក្រុមហ៊ុននេះ មានគម្រោងផលិតឲ្យបាន ១០០,០០០គ្រឿង។ មកដល់ពេលនេះ ក្រុមហ៊ុនមានការកក់ទុកមុនរថយន្តនេះ ចំនួនជាង ៩០,០០០គ្រឿងហើយ ត្រឹមតែរយៈពេល២៤ម៉ោងប៉ុណ្ណោះ។

គួរជម្រាបថា ជាមួយនិងការសម្ពោធដាក់លក់នេះ រថយន្តអគ្គិសនី Xiaomi SU7 គឺមានតម្លៃចាប់ពី ២៩,៩០០ដុល្លារ។ យោងតាមការបញ្ជាក់ចេញពីលោក Lei Jun ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi ដែលបញ្ជាក់កាលពីមុនពេលសម្ពោធនោះ គឺបាននិយាយថា ក្រុមហ៊ុនមានបំណងប្រជែងជាមួយនិង Tesla Model 3 ផងដែរ៕