(ម៉ាឌ្រីដ)៖ Real Madrid ដែលជាជើងឯករង La Liga រដូវកាលមុន បានបង្កើនការនាំមុខកំពូលតារាងលីគកំពូលអេស្ប៉ាញដាច់ដល់ទៅ ៨ពិន្ទុពីក្រុមលេខ២ FC Barcelona គិតត្រឹមសប្តាហ៍ទី៣០ បន្ទាប់ពីបំបាក់ក្រុមភ្ញៀវ Athletic Bilbao ២ទល់នឹង០ នាយប់មិញនេះ។

នេះជា ១ប្រកួតចុងក្រោយសម្រាប់ពួកគេ ក្នុងការត្រៀមលេងពានអឺរ៉ុប UEFA Champions League 2023-2024 វគ្គ ៨ក្រុមចុងក្រោយទល់នឹងក្រុមការពារជើងឯក Manchester City នៅកីឡដ្ឋាន Santiago Bernabeu នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ មុនពេលជើងទី២ ធ្វើនៅទឹកដីអង់គ្លេសវិញនារាត្រីថ្ងៃទី១៧ នៃខែដដែល។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

២គ្រាប់ជ័យជម្នះក្នុងដីនោះដែរ គឺធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធប្រេស៊ីលតែម្នាក់គត់គឺ Rodrygo នៅពេលគ្រាប់ទី១ ធ្វើបានល្អបំផុតក្នុងរយៈចម្ងាយ ២០យ៉ាតឯណោះ។

ក្រុមអធិរាជស ដែលបានទទួលស្វាគមន៍ខ្សែបម្រើអន្តរជាតិអង់គ្លេស Jude Bellingham ក្រោយរួចផុតពីបម្រាមផងនោះ បានកំពុងនាំមុខអ្នកមានបុណ្យ Barcelona ដាច់ ៨ពិន្ទុពី ៧៥ទល់នឹង ៦៧ពិន្ទុនៃកំពូលតារាងលីគនាពេលនេះ ដ្បិតនៅសល់ ៨ប្រកួតទៀត នឹងបិទរដូវកាលផងដែរ ស្របពេលគូប្រជែង Bilbao បន្តឈរនៅលេខរៀងទី៤ នៃតំបន់កៅអីលេងពាន UCL សម្រាប់រដូវកាលក្រោយ និងនាំមុខត្រឹម ១ពិន្ទុពីក្រុមលេខ៥ Atletico Madrid។ Bibao ត្រូវប៉ះ Mallorca ដើម្បីប្រជែងជើងឯកពានលំដាប់ទី២ អេស្ប៉ាញ Copa del Rey នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដែលនឹងធ្វើឡើងនៅទីក្រុង Seville៕