(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសបញ្ចប់គម្រោងបំពាក់កៅអីថ្មី ស្របតាមស្ដង់ដារ និងគោលការណ៍របស់សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ (FIFA) និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នៅពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក) ជាស្ថាពរហើយ នៅដើមខែមេសា ឆ្នាំ២០២៤ នេះ បន្ទាប់ពីដំណើរការផ្លាស់ប្ដូរជាង ២ខែកន្លងមក។

ការបំពាក់កៅអីដែលមានបង្អែកថ្មី ដោយរំលេចនូវទម្រង់រចនាបថខ្មែរលើសំណង់ប្រវត្តិសាស្ដ្រនេះ នាំឲ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការលក់សំបុត្រចូលទស្សនាការប្រកួតនានា ពិសេសរាល់ការប្រកួតអន្ដរជាតិ ទាំងកម្រិតពិភពលោក កម្រិតទ្វីបអាស៊ី និងកម្រិតតំបន់ ដោយស្មើមុខស្មើមាត់ និងមិនបាច់មានការស្នើសុំការអនុគ្រោះពីស្ថាប័នកីឡាបាល់ទាត់អន្ដរជាតិ ដើម្បីលក់សំបុត្រដូចពីមុនទៀតឡើយ។ នេះបើតាមការបញ្ជាក់របស់លោក ខៀវ សាម៉េត អនុប្រធាន FFC កាលពីថ្មីៗ។

បើតាមការជូនដំណឹងរបស់ FFC នៅព្រឹកថ្ងៃទី០១ ខែមេសានេះបានបញ្ជាក់ថា «ការបំពាក់កៅអីមានបង្អែកថ្មី ដែលស្របតាមស្តង់ដាគោលការណ៍ FIFA និង AFC នៅពហុកីឡដ្ឋានជាតិរួចរាល់ជាស្ថាពរ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមថ្លែងអំណរគុណដល់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដែលបានផ្តល់ជំនួយជាកញ្ចប់ថវិកា ដើម្បីឲ្យគម្រោងនៃការតម្លើងកៅអីមានបង្អែកថ្មីនេះសម្រេចបាន។ ពហុកីឡដ្ឋានជាតិ ត្រៀមទទួលស្វាគមន៍ការប្រកួតអន្តរជាតិ ជាមួយស្តង់ដារបស់ FIFA និង AFC សម្រាប់គ្រប់កន្លែងអង្គុយក្នុងពហុកីឡដ្ឋានទាំងអស់»

ថ្លែងក្នុងមហាសន្និបាតរបស់សហព័ន្ធកាលពីថ្មីៗ លោក ខៀវ សាម៉េត បានពន្យល់ពីមូលហេតុ នៃការផ្លាស់ប្ដូរកៅអីថ្មី ដ្បិតកៅអីចាស់ទើបតែបំពាក់កំឡុងពេលស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ លោកថា យោងតាមបទបញ្ជាការប្រកួតមាត្រា៣១ របស់ FIFA សម្រាប់កៅអីអត់បង្អែក មិនត្រូវបានហាមឃាត់ការអង្គុយទស្សនាទេ តែហាមការលក់សំបុត្រ ដែលនាំឲ្យសហព័ន្ធអត់មានចំណូល។ ដូច្នេះទើបក្រសួងអប់រំ យុវជន និងកីឡា ក៏អនុញ្ញាតឲ្យធ្វើការផ្លាស់ប្ដូរកៅអីមានបង្អែកថ្មី ក្រោមជំនួយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF)។ រីឯកៅអីចាស់ ត្រូវបានអនុញ្ញាតផ្ដល់ជូនដល់សាលាបាល់ទាត់ទាំង ២៥រាជធានី-ខេត្ដសម្រាប់ប្រើប្រាស់។

អនុប្រធាន FFC ដដែលបន្ដថា ដោយមានការគាំទ្រពីមិត្ដភ័ក្ដ្រអន្ដរជាតិ ក៏ដូចជាការរួមគ្នាដើម្បីបាល់ទាត់ជាតិ ពីអាជ្ញាធរកីឡាក្នុងស្រុក ទើបជំរុញឲ្យមានការកែប្រែមុខមាត់ថ្មី នៃពហុកីឡដ្ឋានជាតិ ដោយការបំពាក់កៅអីមានបង្អែកថ្មី ស្របតាមគោលការណ៍ FIFA និង AFC ដើម្បីទទួលរៀបចំការប្រកួតអន្ដរជាតិនានា ហើយសហព័ន្ធក៏អាចលក់សំបុត្រ សម្រាប់អ្នកគាំទ្រចូលទស្សនាដោយស្មើមុខមាត់ លែងសុំការអនុគ្រោះពីមុខពីក្រោយដូចពីមុន។

គួរដឹងថា ការផ្លាស់ប្ដូរកៅអីថ្មីនៃពហុកីឡដ្ឋានជាតិ ឬស្ដាតអូឡាំពិក បានចាប់ផ្ដើមកាលពីចុងខែមករា ឆ្នាំ២០២៤ ដោយបំពាក់កៅអីនៅដំបូលវាលសរុប ២៥,០០០កៅអី បូករួមទាំងកៅអីមានបង្អែកនៅតំបន់មានដំបូលប្រមាណ ៥ពាន់កៅអីទៀត ធ្វើឲ្យពហុកីឡដ្ឋានជាតិ អាចទទួលអ្នកទស្សនាផ្ទាល់ប្រមាណ ៣ម៉ឺននាក់ចាប់ពីពេលនេះតទៅ៕